ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានកត់សម្គាល់ថា រហូតមកដល់ពេលនេះ បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំ នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះអាជ្ញាធរខេត្តកំពងធំ មិនចាត់វិធានការបង្ក្រាបបទល្មើស ដែលកើតឡើងយ៉ាងរាលដាលនោះទេ។
បញ្ហានេះ គឺជារឿងដែលថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយទៀតឡើយព្រោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និង លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម និងរុក្ខប្រមាញខេត្តកំពង់ធំ មិនយកចិត្តទុកដាក់អនុវត្តន៍ តាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេ? ។
ជាក់ស្តែងសកម្មភាព ដឹកឈើបែបអនាធិបតេយ្យនេះ ចេញពីព្រៃអង់តែន ព្រៃការពារដោយរដ្ឋ ព្រៃសហគមន៍ ចេញតាមភូមិដីថ្មី ឃុំទីពោធិ ស្រុកសន្ទុកខេត្តកំពង់ធំ យកមកទម្លាក់នៅភូមិឈូករំដួល ភូមិបុស្សចំបក់ ភូមិទីពោធិ ឃុំទីពោធិ ស្រុកសន្ទុក ដោយមានឈ្មួញកណ្តាលឈរចាំទិញនៅទីនោះស្រាប់។ អាចនិយាយបានថា មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នទៀតបានចាត់ទុក ឈ្មួញ ជាប្រភពចំណូលរបស់ពួកគេទើបបណ្ដោយឲ្យឈ្មួញ បន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា បទល្មើសព្រៃឈើកាប់បំផ្លាញនិងដឹកជញ្ជួន នៅតែបន្តកើតមានឥតឈប់ឈរ ជារៀងរហូត ដោយមន្ត្រីបរិស្ថាន និង មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកកំពង់ថ្មអសកម្ម ក្នុងការអនុវត្តន៍ការងារ ដែលធ្វើឲ្យមហាជនដាក់ការ សង្ស័យថា ប្រហែលជាលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទទួល បានផលប្រយោជន៍ពីក្រុមអ្នកដឹកជញ្ជូនផលអនុផលព្រៃឈើទាំងអស់នេះហើយ បានជាមិនធ្វើការ ទប់ស្កាត់ និងបង្ក្រាប។
ប្រជាពលរដ្ឋ បានរៀបរាប់ថា ភូមិសាស្ត្រខាងលើ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់រដ្ឋបាលព្រៃឈើ តាំងក្រសាំង ដែលមានលោក សូរ រ៉ាត ជានាយសង្កាត់ ។ ប្រភពដដែល បានបន្តទៀតថាកន្លងមក ធ្លាប់ឃើញលោកនាយសង្កាត់ ចុះមកបង្ក្រាប ចាប់បានតែអ្នកដែលមិនបានបងលុយឲ្យប៉ុណ្ណោះ តែបើអ្នកបានបង់លុយរួច ដឹកចេញបានដោយរលូន៕ ប៊ុនរិទ្ធី