ព័ត៌មានទាន់ហេតុការណ៍៖

នៅលើកំណាត់ផ្លូវជាតិលេខ៥ និងលេខ៥៥ មានមនុស្សស្លាប់ និងរបួសធ្ងន់ ៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៥ករណី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ២នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងចំនួន ៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥ករណីផ្សេងគ្នា ដែលហេតុការណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ និងលេខ៥៥ ។

សេចក្ដីរាយការណ៍ថា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ១គ្រឿង និងម៉ូតូខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ប្រភពព័ត៌មានខាងលើបន្តថា ដោយឡែក៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥៥ដែរ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែរ ដោយអ្នកបើកបររថយន្តកែច្នៃ ១គ្រឿង កំពុងធ្វើដំណើរស្រាប់តែមានផ្សែងហុយពេញពីក្រោមកៅអីអង្គុយ ទំនងភ័យក៍ហក់ចុះបណ្ដាលឲ្យដួលចូលរថយន្តកិនស្លាប់ខ្លួនឯងយ៉ាងរន្ធត់។

ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីដីហុយខ្លាំងមើលរថយន្តមិនឃើញ ។

ប្រភពដដែលបន្តទៀតថា លុះនៅព្រលប់ថ្ងៃខែដដែលនោះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ដដែល ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀត រវាងម៉ូតូ និងម៉ូតូនៅគ្រាដែលកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ។

ប្រភពដដែលបញ្ជាក់ទៀតថា លុះនៅយប់ថ្ងៃខែដដែលដែរនោះ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ទៀត ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀត រវាងម៉ូតូ និងម៉ូតូខណៈធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ដោយឡែក៖ នៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចលើស្ពានស្រង់ធំ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ ដោយរថយន្តមិនស្គាល់ភិនភាគ ១គ្រឿងបានកៀរអ្នកជិះម៉ូតូពីលិចទៅកើត បណ្ដាលឲ្យដួលបោកផ្ទប់ទៅផ្លូវថ្នល់ស្លាប់យ៉ាងអាហោចអាធម័ សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចដឹកយកមកតំកល់នៅមន្ទីរពេទ្យបង្អែកខេត្ត ករណីគ្រោះថ្នាក់ចរាចរណ៍ ៥លើកនៅលើកំណាត់ផ្លូវជាតិលេខ៥ និងលេខ៥៥ នៃខេត្តពោធិ៍សាត់ បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ២នាក់នៅនឹងកន្លែងកើតហេតុ និងចំនួន ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ខាងលើ សមត្ថកិច្ចនគរបាលជំនាញកំពុងមមាញឹកបន្តនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖