ប៉ោយប៉ែត ៖ ចំណីអាហារគ្មានការវេចខ្ចប់ត្រឹមត្រូវ មានផ្ទុកសារធាតុគីមី និងជាទំនិញខូចគុណភាព ដូចជា ប្រហិត បន្លែ ត្រី សាច់ ជាពិសេសគឺកាកសំណល់សាច់មាន់ ជង្គង់មាន់ ស្លាបមាន់ និងពោះវៀនជ្រូក ជាដើម ត្រូវបានឈ្មួញបាននាំចូលរាប់តោនក្នុងមួយថ្ងៃៗពីប្រទេសថៃ យកមកចែកចាយលើទីផ្សារស្ទើរតែគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ដោយគ្មានការត្រួតពិនិត្យ ឬ ទប់ស្កាត់ពីមន្ត្រីជំនាញប្រចាំច្រកព្រំដែននោះឡើយ។ ករណីនេះ លោក សាន្ត វិជ្ជាសារ៉ាវុធ ជាមេកាំកុងត្រូលប្រចាំច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នករងការចោទប្រកាន់ធំជាងគេ ព្រោះលោកជាអ្នកទទួលខុសខ្ពស់លើបញ្ហានេះ។ នេះបើតាមការអះអាងបញ្ជាក់របស់មន្ត្រីប្រចាំការមួយរូប នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
បើយោងតាមច្បាប់មន្ត្រីកាំកុងត្រូលមានបេសកកម្មដូចខាងក្រោម ៖ ១ – ធានាគុណភាព សុវត្ថិភាពផលិតផល និងសេវាដើម្បីការពារ សុខុមាលភាព សុវត្ថិភាពអ្នកប្រើប្រាស់។ ប៉ុន្តែមន្ត្រីកកុងត្រូលបែរជាយកតួនាទីបេសកកម្មនេះទៅទ្រាប់គូថអង្គុយ ហើយឃុបឃិតជាមួយពួកឈ្មួញរកស៊ីទុច្ចរិត ប្រព្រឹត្តអំពើពុករលួយ និងមិនខ្វល់ពីផលប៉ះពាល់បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋអ្នកទទួលទានឡើយ។
សូមរម្លឹកថា កាលពីកន្លងទៅថ្មីៗនេះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូលលោក ម៉ក់ ពេជ្ជរិទ្ធ បានចុះបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយពីកត់សម្គាល់ឃើញថា ការងារកាំកុងត្រូលនៅខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក សាន្ត វិជ្ជាសារ៉ាវុធ មានការចុះខ្សោយជាខ្លាំង ដោយសារតែការដឹកនាំមិនបានល្អ គ្មានសាមគ្គីភាពផ្ទៃក្នុង ហើយលោក សាន្ត វិជ្ជាសារ៉ាវុធ តែងតែប្រើអំណាចជាប្រធានសាខា ធ្វើការគាបសង្កត់ដល់មន្ត្រីក្រោមឱវាទឲ្យខ្លាចញញើត យកសាច់ញាតិ និងមនុស្សជំនិតរបស់ខ្លួនជាស៊ីវិលក្រៅក្របខ័ណ្ឌ និងគ្មានជំនាញ ឲ្យមកធ្វើការងារកន្លែងខ្លាញ់ រីឯមន្ត្រីជំនាញពិតប្រាកដដែលមានតួនាទីភារកិច្ច បែរជាចាត់តាំងឲ្យទៅធ្វើការងារកន្លែងផ្សេងៗទៅវិញ ជាហេតុធ្វើឲ្យមន្ត្រីក្រោមឱវាទនាំគ្នាមិនពេញចិត្តនូវទង្វើដឹកនាំរបៀបផ្តាច់ការ បក្សពួកនិយម របស់លោក សាន្ត វិជ្ជាសារ៉ាវុធ។
សូមបញ្ជាក់ថា រាល់ពេលដែលសមត្ថកិច្ចជំនាញតាមបណ្តាខេត្ត ក្រុង ដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប និងកំពង់ធំ ជាដើម ចុះត្រួតពិនិត្យ និងបង្ក្រាបបាន ប្រហិត ឬ កាកសំណល់ សាច់មាន់ ជង្គង់មាន់ ស្លាបមាន់ និងទំនិញខូចគុណភាពម្តងៗរាប់សិបតោន ត្រូវឈ្មួញឆ្លើយថា នាំចូលពីថៃតាមច្រកប៉ោយប៉ែត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក សាន្ត វិជ្ជាសារ៉ាវុធ។
បញ្ហាចោទខាងលើអ្នកសារព័ត៏មានយើងមិនអាចសំុការបំភ្លឺពីលោកសាន វិជ្ជាសារ៉ាវុធប្រធាសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានឡើយព្រោះទូរសព្ទ័លោកចុចចូលតែជាប់រវល់ ៕ វណ្ណា