ភ្នំពេញ៖ ដើម្បីកាត់បន្ថយទឹកភ្លៀងជន់លិច រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងចុះត្រួតពិនិត្យធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមមហាវិថី និងវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីបង្ហូរទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗតែងតែលិចរហូតមក ធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។
ជាក់ស្ដែងនៅតាមបណ្ដោយវិថីព្រះអង្គអេង (ផ្លូវលេខ១៣) ខាងលិចផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ប្រវែងជិត៨០០ម៉ែត្រ រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងតែងតែមានការលិចផ្លូវជានិច្ច បង្កអោយប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់វិថីនេះ ទាំងម៉ូតូ និងយានយន្តទាបៗ មានការរលត់ម៉ាស៊ី ន ខូចទាំងកណ្ដាលផ្លូវក៏មាន ធ្វើបង្អាក់ដំណើរចរាចរធ្វើអោយកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ដេញថ្លៃគម្រោងនេះអោយទៅក្រុមហ៊ុន Jica ចុះផ្លាស់ប្ដូរប្រព័ន្ធលូចាស់ៗចោល ដោយប្ដូរដាក់ប្រព័ន្ធលូថ្មី និងរៀបការ៉ូឡាជម្រាបទឹក Interlock ដើម្បីកាត់បន្ថយទឹកភ្លៀងជន់លិច ពេលដែលភ្លៀងខ្លាំងម្ដងៗ។
បន្ថែមពីលើនោះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទាំង ១២ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅនៅជាប់ដងផ្លូវជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយនិងពិនិត្យមើលគម្របលូនៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំងនិងសូមជួយសំអាត ដើម្បីកុំអោយមានសំរាមហូរចូលដល់មាត់លូនោះអាចបង្កឲ្យមានការកកស្ទះ ៕ស តារា