ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាចោរលួចទូរស័ព្ទ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ បានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៨និង២០នាទី នៅចំណុចផ្ទះផ្លូវ បេតុងក្រុមទី៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះសុខ ហ៊ួរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់ទូរស័ព្ទ បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុ បាត់ទូរស័ព្ទដៃ០៣គ្រឿងម៉ាកSamsung J7ពណ៌ខ្មៅ ០១គ្រឿង, SamsungS7 ១គ្រឿង នឹងIphon4 ពណ៌ខ្មៅ០១គ្រឿង។ ចំណែកជនសង្ស័យឈ្មោះ យិន សុធី ហៅម៉េក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ១៦៥ ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ (មានសារធាតុញៀន)។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា កាលពីថ្ងៃ១០ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានទុកទូរស័ព្ទនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនហើយចេញទៅលក់គ្រឿងទូរស័ព្ទដោយក្មួយស្រីតូច អាយុ១១ឆ្នាំ នៅមើលចាំផ្ទះនៅម៉ោង៨នឹង២០នាទី ឈ្មោះយិន សុធី ហៅម៉េត បានចូលក្នុងផ្ទះជនរងគ្រោះដល់ក្នុងបន្ទប់ លួចយកទូរស័ព្ទ០៣គ្រឿងខាងលើដាក់ក្នុងហោប៉ៅខោដើរចេញក្រៅផ្ទះគេចខ្លួនបាត់។ ក្រោយមកជនរងគ្រោះមកដល់ផ្ទះត្រូវបានក្មួយប្រាប់ថាជនសង្ស័យបានលួចទូរស័ព្ទរបស់ខ្លួនលុះដល់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩នឹង៣៥នាទី ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោយពីបានដាក់ពាក្យបណ្តឹងរួចកម្លាំងជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍កំណត់បានមុខសញ្ញាឈានទៅឃាត់ជនសង្ស័យ នៅចំណុចមុខផ្ទះរបស់ជនសង្ស័យស្នាក់នៅ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីសាកសួរយកចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕អារុណរះ