ព័ត៌មានទាន់ហេតុការណ៍៖

ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​បរទេស​ម្នាក់ បានសម្រេចភ័យ​ជិះរ​ត់ទៅ​បុក​រថយន្ត​មួយ​គ្រឿង ​ត្រូវ​សមត្ថកិច្ច​ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារីជនជាតិ​បរទេស​ម្នាក់ បានសម្រេចហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន ក៏ត្រូវកម្លាំង​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​​ជិះ​​ប្រដេញធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ ​ជ្រុលទៅ​បុក​រថយន្ត​មួយ​គ្រឿង បណ្ដាលឲ្យដួលភ្លាមនោះ​​សមត្ថកិច្ច​ចាប់ក្របួចជាប់តែម្តង ។

ករណី​ឃាត់ខ្លួនចោរឆក់ខាងលើនេះ ​បានធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្សារ​៧​មក​រា តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៧​កែង​និង​ផ្លូវ​លេខ​៦១៤ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ​។

មន្រ្តីនគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ​ដែលឃាត់ខ្លួននោះ ឈ្មោះ សុវណ្ណ​ ឧត្តម​រង្សី ភេទ​ប្រុស អាយុជាង២០ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ចំណែកនារីរងគ្រោះមិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ជា​ជនជាតិ​បរទេស​ ។

មន្រ្តីដដែលបានបន្តថា នៅ​មុន​ពេល​ឃាត់ខ្លួនជនសង្ស័យ​ខាងលើនេះ គឺជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ជា​ជនជាតិ​បរទេស​ម្នាក់​ នៅ​ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ផ្នែក​ខាងលិច តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​ ។ ភ្លាម​​នោះ​កម្លាំងសមត្ថកិច្ច​ក៏​បាន​ធ្វើការ​ជិះ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ​ និង​ទាក់ទង​ហៅ​កម្លាំង​តាម​វិទ្យុទាក់ទង​ឲ្យ​ជួយ​ធ្វើការ​អន្តរាគមន៍​ស្ទាក់​ចាប់ ​រហូតដល់​ចំណុច​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឲ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ខ្មៅ ធ្វើដំណើរតាម​បណ្តោយ​ផ្លូវ​លេខ​៦១៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​ល្បឿន​ទាំង​សភាព​ភ័យ​ស្លន់ស្លោ ហើយ​មាន​កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល និង​ឯកសណ្ឋាន​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​បាន​ជិះ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ជនសង្ស័យ​បានជ្រុលចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ២៨៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​រថយន្ត​​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ ចំណែក​ម៉ូតូ​ជនសង្ស័យខូចខាត​បែក​ចង្កៀង​ផ្នែក​ខាង​មុខ ដោយឡែក​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដែល​ជិះ​ដេញ​តាម​ពីក្រោយ​​ចាប់​ឃាត់ខ្លួន​ ​។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​នាំ​ខ្លួន​យក​ទៅ​សួរនាំ​ដើម្បី​កសាង​សំណុំរឿង ​និង​ចាត់ការ​តាម​ច្បាប់ ៕ស តារា


ចែករំលែក៖