ភ្នំពេញ៖ ជនជាតិចិនម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលជយ័ជំនះ ឃាត់ខ្លួនបន្ទាប់ពីរូបគេបានបង្ហោះឧបករណ៍ដ្រូន បំពាក់ដោយកាំមេរ៉ាថតរូប បញ្ជាដោយតេឡេកម៉្មង់(DRONE) នៅមុខព្រះបរមរាជវាំង កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខព្រះបរមរាជវាំងផ្លូវសុធារស់ ភូមិ ១សង្កាត់ជ័យជំនះខណ្ឌដូនពេញ ។
មន្រ្តីប៉ុស្តិ៍នគរបាលជយ័ជំនះ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ភេទប្រុស ZHANG CHUI FENG អាយុ២៩ឆ្នាំ ជនជាតិ ចិនមុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ E48750427ស្នាក់នៅ សណ្ឋាគារ Viva Boutique Hotel& Pub បន្ទប់លេខ503 ដែលមានទីតាំងផ្ទះលេខ២1Eo ផ្លូវលេខ104 ភូមិ8 សង្កាត់ សង្កាត់វត្តភ្នំខណ្ឌដូនពេញ ពីបទ៖ បង្ហោះឧបករណ៍ដ្រូន បំពាក់ដោយកាំមេរ៉ាថតរូប បញ្ជាដោយតេឡេកម៉្មង់(DRONE) នៅចំណុចមុខព្រះបរមរាជវាំងផ្លូវសុធារស់ ភូមិ ១សង្កាត់ជ័យជំនះខណ្ឌដូនពេញ ដោយគ្មានការអនុញ្ញាត ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានចាប់យកវត្ថុតាងមាន៖ យន្តហោះដែលបំពាក់ដោយកាំមេរ៉ាថតរូប បញ្ជាដោយតេឡេកម៉្មង់ម៉ាក D J I ពណ៌ស លាយខ្មៅចំនួន០១គ្រឿង (ផលិតនៅប្រទេសចិន), ថ្មចំនួន ០១ដុំ, តេឡេបញ្ជាចំនួន ០១ ពណ៌ខ្មៅ, ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកHUAWEIពណ៌ខ្មៅ និងកាបូបស្ពាយក្រោយខ្នងពណ៌ខ្មៅចំនួន០១ ។
បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់ជនសង្ស័យខាងលើ ជូនកម្លាំងនៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាម នីតិវិធី ៕ស តារា