ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបជនសង្ស័យ៣នាក់ឆក់ទូរស័ព្ទដៃជនជាតិចិន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលបង្ក្រាបបានជនសង្សយ័ចំនួន៣នាក់ដែល ឆក់ទូរស័ព្ទដៃរបស់ជនបរទេសដែលជាជនជាតិចិន ។

លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថា នៅយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២២ និង ៣០នាទី នៅចំណុចមុខកាស៊ីណូ ស៊ីហ៊ូ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃជនជាតិចិន ) បង្កឡើងដោយជនសង្ស័យ ០២នាក់ ជិះម៉ូតូ ០១គ្រឿង បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ ពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវហើយនិយាយទូរស័ព្ទ ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ បានធ្វើការស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន ០៣នាក់ ។

ជនរងគ្រោះឈ្មោះ WU RUN ZE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ ។

ជនសង្ស័យចំនួន ០៣នាក់៖ ១-ឈ្មោះ អៀង ប៊ុនធីប ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ( អ្នកបើកម៉ូតូ ), ២-ឈ្មោះ ខាន់ សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជិះពីក្រោយឆក់ ) និង៣-ឈ្មោះ យ៉ុន សុវណ្ណយុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ( សហចារី )

វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក សង់ប៉ិច ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១BG-០៣១១ ( មធ្យោបាយជិះធ្វើសកម្មភាព ) ចំពោះទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE X ពណ៌ខ្មៅ ដែលពួកគេ ឆក់បាន ពួកគេបានទម្លាក់ចូលក្នុងទឹកសមុទ្រនៅសេះស ពេលដែលពួកគេរត់គេចពីកម្លាំងសមត្ថកិច្ច ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖