ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសប្រឆាំងភេរវកម្មបារាំងរាប់រយនាក់ ស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់មិនទាន់បាន

ចែករំលែក៖

ប៉ូលិសប្រឆាំងភេរវកម្មបារាំងរាប់រយនាក់បាននិងកំពុងតាមចាប់ស្វែងរកចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ ដែលបានបាញ់ប្រហារនៅហាងលក់ទំនិញ Christmas ស្ថិតក្នុងផ្សារមួយនៃទីក្រុង Strasbourg កាលពីរាត្រីថ្ងៃអង្គារ បណ្តាលឲ្យស្លាប់២នាក់ និង១៣នាក់រងរបួស ។

លោក Remy Heitzរដ្ឋអាជ្ញាប្រឆាំងភេរវកម្មបាននិយាយថា ជនសង្ស័យអាយុ២៩ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងទីក្រុង Strasbourg មានឈ្មោះ CherifChekattបានប្រើកាំភ្លើងដៃបាញ់រះ និងចាក់ដោយកាំបិតទៅលើអ្នកដំណើរ អំឡុងពេលដែលគេធ្វើសកម្មភាពនោះ ។

ប្រភពថា Chekattជាជនសង្ស័យស្ថិតនៅក្នុងបញ្ជីតាមដានថាជាក្រុមជ្រុលនិយមសាសនា ដែលធ្លាប់បានកាត់ទោស២៧លើករួចមកហើយ ពាក់ព័ន្ធបទឧក្រិដ្ឋ អំពើហិង្សា និងលួចនៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ និងស៊ី្វស ។ ឪពុកម្តាយ និងបងប្អូនប្រុសរបស់គេ២នាក់ទៀតកំពុងឃុំខ្លួនដើម្បីសាកសួរ ។

ក្រសួងមហាផ្ទៃបារាំងថា មនុស្ស៣នាក់បានព្យាយាមបញ្ឈប់សកម្មភាពរបស់ជនសង្ស័យ ក្នុងនោះម្នាក់ត្រូវចាក់ដោយកាំបិត មិនបណ្តាលឲ្យស្លាប់ទេ ។ ខ្មាន់កាំភ្លើងបានរងរបួសដោយសារផ្ទុះអាវុធជាមួយសន្តិសុខដែលយាមកាមនៅចំណុចកើតហេតុខាងលើ មុនពេលរត់ភៀសខ្លួនដោយរថយន្តតាក់ស៊ី ចេញពីទីក្រុងឆ្ពោះទៅកាន់ស្រុក Neudorf ភាគខាងត្បូង ទីនោះក៏ចាប់ផ្តើមបាញ់តដៃជាមួយប៉ូលិសទៀត មុនពេលជននោះបាត់ខ្លួនរហូត ។

ប៉ូលិសប្រមាណ៧២០នាក់ ចេញប្រតិបត្តិការស្វែងរកជនសង្ស័យ ហើយបើស្លាប់ឲ្យឃើញសាកសព តែបើរស់វិញឲ្យឃើញមនុស្ស ។

តាំងពីឆ្នាំ២០១៥មក បារាំងជាគោលដៅវាយប្រហារភេរវកម្មរបស់ពួកភេរវករ ជាក់ស្តែងរបាយការណ៍បញ្ជក់ថា មកដល់ពេលនេះ មនុស្សយ៉ាងតិច២៤៥នាក់ហើយបានស្លាប់ដោយសារអំពើភេរវកម្មនៅក្នុងប្រទេសនេះ ៕ ម៉ែវ សាធី


ចែករំលែក៖