ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាបនិងទន្លេមេគង្គក្នុងទឹកដីខណ្ឌឫស្សីកែវនិងខណ្ឌជ្រោយចង្វា បានរាយការណ៍ឱ្យដឹងថាបទល្មើសនេសាទបានកើតឡើងពេញបន្ទុកនៅតាមដងទន្លេសាបចាប់ពីស្ពានលោកឧកញ្ញ៉ាលីយ៉ុងផាត់រហូតដល់ស្ពានជ្រោយចង្វានិងតាមដងទន្លេមេគង្គពីសង្កាត់ជ្រោយចង្វាររហូតដល់សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វា ។
សកម្មភាពបទល្មើសនេសាទនេះត្រូវប្រជាពលរដ្ឋរាយការណ៍ថាគឺលោកងិន ឌី
នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ និងប្រធានសង្កាត់រដ្ឋបាលជលផលច្រាំង ចំរេះ បានអនុញ្ញាតឱ្យឈ្មួញដាក់សម្រាស់ញឹកស្អេកស្កះរាប់សិបកន្លែង ហើយទីតាំងនីមួយៗគឺមានទំហ៊ំធំៗណាស់ ។ ការអនុញ្ញាតនេះត្រូវបានពួកគាត់ចោទប្រកាន់ថាជាប់ពាក់ពន្ធ័នឹងអំពើពុករលួយយ៉ាងពិតប្រាកដ ។
ប្រភពបានបន្តថា ទីតាំងសម្រាស់ មួយកន្លែងៗត្រូវ បានលោកនាយសង្កាត់ជលផលរូបនេះបង្គាប់ឱ្យបង់ប្រាក់ពី២លានទៅ៣លានរៀលសម្រាប់មួយឆ្នាំ បើមិនបង់ទេមិនអាច
ដាក់បានឡើយ ហើយអ្នកដែលរកសុីដាក់សម្រាសនោះភាគច្រើនជាជនជាតិវៀតណាម និងខ្មែរឥស្លាម។
ប្រភពបានបញ្ជាក់ទៀតថា លោក នាយសង្កាត់ជលផលច្រាំងចំរេះរូបនោះត្រូវបានគេស្គាល់ ឈ្មោះ លោក យឹម សុខារ៉ានេ ដែលប្តូរមកពីសង្កាត់ជលផលមានជ័យ ហើយការផ្លាស់ប្តូរនោះត្រូវបានប្រភពទន្លាយឱ្យដឹងថាជាប់ពាក់ពន្ធ័នឹងអំពើពុករលួយផងដែរ (ព្រោះប្តូរមកកន្លែងខ្លាញ់) ។
ប្រជាពរដ្ឋបានឱ្យដឹងបន្ថែមថា មកដល់ពេលនេះត្រូវបាន លោកប្រធានសង្កាត់ជលផលរូបនេះអនុញ្ញាតឱ្យដាក់សម្រាសយា៉ងអានាធិបតេយ្យស្អេកស្កះពេញសងខាងទន្លេសាបនិងទន្លេមេគង្គបន្ថែមទៀត ។ ប្រការនេះត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា លោក នាយសង្កាត់ជលផលរូបនេះចូលរួមបំផ្លាញមច្ឆជាតិយា៉ងធ្ងន់ធ្ងរ ហើយនឹងប្រព្រឹត្តិអំពើពុករលួយដែលមិនអាចលើកលែងបានឡើយ ទាំងខ្លួនឯងជាអ្នកជំនាញផ្នែកជលផលនេះ។
ការលើកឡើងខាងលើរបស់ប្រជាពលរដ្ឋនេះ ពួកគាត់ក៏ធ្លាប់បានលើកឡើងនៅក្នុងវេទិការសាធារណះក្នុងសង្កាត់មួយចំនួនកាលពីពេលកន្លងមកផងដែរ ។ ដោយការលើកឡើងនោះ ពួកគាត់បាននិយាយថាសម្រាស់កំពុងតែត្រូវគេដាក់ពេញទន្លេ ដោយពួកគាត់ពិបាកក្នុងការនេសាទជាលក្ខណះគ្រួសារណាស់ ព្រោះចែវទូកទៅណាឬចតទូកកន្លែងណាក៏ប៉ះសម្រាស់គេដែរ ហើយពួកគាត់ក៏សំណូមពរឱ្យអាជ្ញាធរឬមន្ត្រីជំនាញថ្នាក់លើជួយទប់ស្កាត់បទល្មើសនេសាទនេះផងដែរ តែមកដល់ពេលនេះមិនមានខាងណាទប់ស្កាត់បានឡើយ សម្រាស់នៅតែដាក់រាប់សិបកន្លែងដដែល ។
ប្រភពបន្តថា បច្ចុប្បន្នសម្រាសយ៉ាងធំដែលគេស្គាល់ថាជារបស់ឈ្មោះធី ត្រូវបានដាក់នៅជិតស្ពានបេឡេ ។ ឈ្មោះធីជាអ្នកបើកទូកនិងអ្នកយាមទូកឱ្យលោកងិនឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញតែម្តង ។
ពាក់ពន្ធ័នឹងការចោទប្រកាន់ខាងលើ កម្ពុជាថ្មីមិនអាចសុំការបំភ្លឺពីលោក ងិនឌីនាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ បានទេ ចំណែកលោកយឹម សុខារ៉ានេ នាយសង្កាត់ជលផលច្រាំងចំរេះ លោកបាននិយាយថាអ្នកណាហ៊ានយកទៅដាក់ដល់កន្លែងហ្នឹង ចាំលោកនឹងទៅមើល តែតាមពិតគេបានត្រូវគ្នាអស់ហើយ ។
អាជ្ញាធរខណ្ឌ ជ្រោយចង្វា លោក ហ៊ុយ សារុនអភិបាលរងខណ្ឌជ្រោយចង្វា ដែលទទួលបន្ទុកផ្នែកកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់អ្នកយកព័ត៌មានថា ការដាក់សម្រាសតាមដងទន្លេនេះគឺជាការខុសច្បាប់ បើមានដាក់នៅទឹកដីខណ្ឌជ្រោយចង្វាមែនលោកនឹងសុំគោលការពីលោកអភិបាលចុះរើចេញតែម្តងមិនឱ្យមានទេ ៕ ជ្រោយពេជ្រ