ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស្ទាវបុកលោកតាវ័យ៨០ឆ្នាំ រងរបួសធ្ងន់ បាក់ភ្លៅ

ចែករំលែក៖

ប៉ោយប៉ែត ៖ លោកតាម្នាក់វ័យ៨០ឆ្នាំម្នាក់ រងរបួសធ្ងន់បាក់ភ្លៅ ដោយម៉ូតូបុក គ្រាដែលគាត់ជិះកង់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៨ ​នៅ​ចំណុច​មុខ​មន្ទីរ​អប់រំ​ យុវជន​ និងកីឡា ខេត្ត ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ជនរងគ្រោះអ្នកជិះកង់ឈ្មោះ​ ណក​ ហម​ អាយុ​ ៨០ឆ្នាំ នៅ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ចំណែកអ្នកបើកបរ​ម៉ូតូ​ ឈ្មោះ​ តូ​ ប៊ុន​ណារ៉ូ​ អាយុ​ ១៧ ឆ្នាំ នៅ ភូមិ ជំទាវ​ ឃុំ​ ឫស្សី​ក្រោក​ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ។

នគរបាលបានប្រាប់ទៀតថា៖ មុនពេលកើតហេតុគេបានឃើញ លោកតាវ័យ៨០ឆ្នាំ បានជិះកង់ ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ គាត់បានបត់មកឆ្វេងដៃចូលមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ស្របពេលនោះ ក៏មានម៉ូតូ១គ្រឿង បានបើកច្រាសទិសគ្នាមកពីលិចទៅកើតក្នុងល្បឿនលឿនហ្វ្រាំមិនទាន់ក៏ជ្រុលចង្កូតបុកអ្នកជិះកង់បណ្តាលឲ្យដួល រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ចំណែកអ្នកជិះម៉ូតូរងរបួសស្រាល ​ជនរងគ្រោះទាំង២បានយកទៅ​មន្ទីរពេទ្យ ។

ចំពោះកត្តាដែលនាំឲ្យគ្រោះថ្នាក់នេះ គឺ បណ្តាលមកពីអ្នកជិះកង់ប្តូរទិសខ្វះការប្រុងប្រយ័ត្ន ហើយគ្មានសញ្ញាសម្គាល់ ។ ចំណែកអ្នកជិះម៉ូតូ បើកមានល្បឿនលឿន ។

បច្ចុប្បន្នវត្ថុតាងទាំងកង់និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ រង់ចាំដោះស្រាយ ពេលក្រោយ៕ វណ្ណា


ចែករំលែក៖