ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហា Huawei មិនជាប់ពាក់ព័ន្ធនយោបាយ របស់អាមេរិក នោះឡើយ

ចែករំលែក៖

លោកស្រី Chrustia Freeland រដ្ឋមន្ត្រីការបរទេសកាណាដា កាលពីថ្ងៃទី១២ ខែធ្នូ បានព្រមានអាមេរិក ទាក់ទងករណីចង់ធ្វើបត្យាប័នបែបលក្ខណៈនយោបាយ គឺមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងថា លោកអាចអន្តរាគមន៍ ករណី នាយករដ្ឋប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន ហ៊ូវ៉ៃ (Huawei) ដែលត្រូវប៉ូលិសចាប់ឃុំខ្លួននៅទឹកដីកាណាដា តាមសំណើទីក្រុងវ៉ាស៊ីនតោន ។

លោកស្រី Freeland បានថ្លែងថា ពលរដ្ឋកាណាដាម្នាក់ទៀត អាចនឹងមានបញ្ហានៅក្នុងប្រទេសចិន ខណៈដែលអាជ្ញាធរចិនបានឃុំខ្លួនពលរដ្ឋកាណាដាម្នាក់ហើយនោះ គឺអតីតមន្ត្រីទូត Michael Koringកាលពីថ្ងៃទី១០ ខែធ្នូ ។

សូមបញ្ជាក់ថា ប្រទេសចិនបានកោះហៅរដ្ឋទូតអាមេរិកប្រចាំនៅចិន ទៅប្រឆាំងតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ហ៊ូវ៉ៃ អ្នកស្រី MengWanzhou។ អ្នកស្រី ត្រូវអាមេរិកចោទថា ជាមេគំនិតរំលោភបំពានដល់ការដាក់ទណ្ឌកម្មអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ។ អ្នកស្រី Wanzhouត្រូវប៉ូលិសកាណាដាចាប់ខ្លួន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ខណៈកំពុងរង់ចាំជើងហោះហើរ ហើយត្រូវបានតុលាការជំនុំជម្រះសម្រេចដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី១២ ខែធ្នូ ដោយបង់ប្រាក់ធានាប្រមាណជាង៧លានដុល្លារអាមេរិក ។

ទាក់ទិនបញ្ហានេះដែរ រដ្ឋាភិបាលចិន បានអំពាវនាវឲ្យកាណាដាដោះលែងអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ហ៊ូវ៉ៃ MengWanshouដែលចាប់ខ្លួនតាមការស្នើសុំពីអាមេរិកនោះ ជាបន្ទាន់ បើពុំដូច្នោះទេ កាណាណា នឹងរងផលវិបត្តិយ៉ាងធ្ងន់ធ្ងរ ហើយជាការចាប់ផ្តើម ចិនក៏សម្រេចចាប់ឃុំខ្លួនអតីតមន្ត្រីទូតកាណាម្នាក់នោះភ្លាមៗ ។

នៅថ្ងៃជាមួយគ្នា ដែលតុលាការកាណាដាសម្រេចដោះលែងអ្នកស្រី MengWanzhouនោះ លោកដូណាល់ ត្រាំ បានថ្លែងថា អាមេរិកអាចនឹងអន្តរាគមន៍ចំពោះរឿងមួយនេះ បើសិនមើលទៅឃើញថា មានផលប្រយោជន៍ដល់សន្តិសុខជាតិ ។ ប៉ុន្តែទោះបីយ៉ាងណា លោកស្រី Freeland ថ្លែងថា លក្ខណៈផ្លូវច្បាប់ គឺមិនមានសោះឡើយ ទាក់ទងបញ្ហានយោបាយ ដែលត្រូវធ្វើបត្យាប័ន MengWanzhouឲ្យទៅទទួលទោសនៅអាមេរិក តាមសំណើរបស់ក្រុងវ៉ាស៊ីនតោន ។

លោកស្រីថ្លែងដោយសំដៅទៅដល់ ការចង់ធ្វើអន្តរាគមន៍របស់លោកត្រាំ នោះថា «ដៃគូធ្វើបត្យាប័នរបស់យើង មិនគួរស្នើសុំធ្វើបត្យាប័ន តាមលក្ខណៈនយោបាយនោះឡើយ ជាជាងផ្តោតសំខាន់លើអំពើយុត្តិធម៌ ស្របទៅតាមច្បាប់» ៕ ម៉ែវ សាធី


ចែករំលែក៖