ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថានច្រានចោលការចោទប្រកាន់ស្តីពីការរំលោភសេរីភាពសាសនា

ចែករំលែក៖

ប៉ាគីស្ថានបានច្រានចោលការសម្រេចរបស់អាមេរិក ដាក់ប្រទេសនេះ ស្ថិតនៅក្នុងបញ្ជីខ្មៅ ជាប្រទេសរំលោភបំពានសិទ្ធិ សេរីភាព សាសនា និងរំលោភបំពានទៅលើជនជាតិដើមភាគតិចដោយចាត់ទុកថា វាជាហេតុផលនយោបាយ។

អាមេរិកបានចាត់ទុកប៉ាគីស្ថាន «ក្នុងចំណោមប្រទេសដែលព្រួយបារម្ភពិសេស» កើតឡើង ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏លំបាក, ដែលរដ្ឋបាលរបស់លោកដូណាល់ ត្រាំបានចោទទីក្រុងអិស្លាម៉ាបាដថា បរាជ័យក្នុងសកម្មភាពប្រឆាំងជាមួយពួកឧទ្ទាមជ្រុលនិយម នៅលើដែនដីរបស់ខ្លួន ។

សេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសប៉ាគីស្ថានអះអាងថា «ប៉ាគីស្ថានមិនត្រូវការទីប្រឹក្សាពីបុគ្គលប្រទេសណាមួយអំពីថា តើត្រូវការពារយ៉ាងដូចម្តេចទៅលើសិទ្ធិសេរីភាពជនជាតិដើមភាគតិចនោះឡើយ» ដោយបន្ថែមថា ទីក្រុងអិស្លាម៉ាបាដ«បដិសេធន៍» ការចាត់ទុករបស់អាមេរិកខាងលើនេះ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានប្រកាសអំពីបញ្ជីខ្មៅនេះនៅក្នុងរបាយការណ៍ប្រចាំអាណត្តិទៅកាន់សភាកាលពីថ្ងៃអង្គារ ។ វិធានការរបស់រដ្ឋាភិបាលអាមេរិកចំពោះបញ្ហានេះ បើចាំបាច់ អាចឈានដល់វិធានទណ្ឌកម្ម ដើម្បីបញ្ឈប់អំពើរំលោភបំពានសិទ្ធិសេរីភាពនេះ ៕


ចែករំលែក៖