ខេត្តបន្ទាយមានជ័យ: មានករណីអគ្គិភ័យមួយបានបំផ្លាញផ្ទះសាងសង់ខាងលើឈើ ខាងក្រោមថ្ម មួយខ្នងរបស់អ្នកគ្រូពេទ្យម្នាក់គ្មានសល់ គ្រាដែលម្ចាស់ចាក់សោបិទទ្វារចោលរួចចេញទៅធ្វើការឯក្រៅបាត់។
ឧប្បត្តិហេតុនៃអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃ ពុធ ៥ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឯម សារឿន អាយុ៤៨ឆ្នាំ បម្រើការងារនៅមណ្ឌលសុខភាព ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ផ្ទះនេះសង់ខាងលើឈើ ខាងក្រោមថ្ម មានទំហំ៩ម៉ែត្រ×១២ម៉ែត្រ ជញ្ជាំងឈើប្រក់ស័ង្កសី ក្រាលការ៉ូ ដោយសារទុស្សេខ្សែភ្លើង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងពេលមានអគ្គិភ័យនេះកើតឡើង កម្លាំងរថយន្តពន្លត់អគ្គិ ភ័យរបស់ស្នងការនគរបាលក្រុងប៉ោយប៉ែតបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងទៅជូយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ដោយចំណាយពេលជាង១ម៉ោងទើបភ្លើងរលត់ទាំងស្រុង ហើយមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែបំផ្លាញផ្ទះ និងសម្ភារប្រើប្រាស់ ក្នុងផ្ទះមានតម្លៃរាប់ម៉ឺនដុល្លារ ៕ សហការី