ខេត្តបាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងត្រូវអ្នកបើកបរក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក បានជ្រុលចង្កូតទៅបុកអ្នកថ្មើរជើង២នាក់បណ្តាលឲ្យរងរបួសធ្ងន់២នាក់កាលពីយប់ថ្ងៃចន្ទ ១០ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវលេខ១៥៩C ក្រុមទី១៥ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
មន្រ្តីនគរបាលចរាចរ ស្រុកបវេលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទី សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ លឹម មួយហួរ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ យិន ឈឹងខាន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ(បានរត់គេចខ្លួនបាត់) ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា រថយន្ដបង្កម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង2B-5539ហើយក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់នាំយករថយន្តបង្កមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ សហការី