ខេត្តពោធិ៍សាត់៖ ថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ករណីផ្សេងៗគ្នា។
យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងឃើញថា នៅវេកាយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចដូននាគ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង កម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ មុំ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន នៅភូមិ.ឃុំកើតហេតុខាងលើ នៅគ្រាដែលជនសង្ស័យកាន់ដាវបំរ៉ុងអុកឡុកកម្មវិធីឡើងគេហឋានរបស់អ្នកភូមិ។
របាយការណ៍ខាងលើបន្តថា លុះនៅវេលាម៉ោង៣ និង៣៥នាទី រសៀលថ្ងៃទី១៨ ខែឆ្នាំដដែល នៅចំណុចសិប្បកម្មកែច្នៃឈើ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង កម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ទី១ ឈ្មោះ ម៉ៅ និមល ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុ និងទី២ ឈ្មោះ ម៉ន មាន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំជាមួយគ្នា។
ក្នុងរបាយការណ៍ដដែលបន្តទៀតថា នៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃដដែល ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ៅ រម្នី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុ ជាប់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា(យកដំបងវាយក្បាលគេ)។
របាយការណ៍បន្តទៀតថា ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងខ្លះៗក្នុងករណីផ្សេងៗគ្នា កម្លាំងនគរបាលបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីសួរនាំ និងបំពេញសំណុំឯកសារពាក់ព័ន្ធ៕ ប៉ឹម ពិន