ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខរោងចក្រជិះម៉ូតូបុកជាមួយរថយន្តស្លាប់ភ្លាមនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាសន្តិសុខរោងចក្រម្នាកបានស្លាប់ភ្លាមៗ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួឲ្យរន្ធត់ខណៈជិះម៉ូតូបុកជាមួយរថយន្តស្របគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរកាលពីថ្ងៃ អង្គារ ១១ កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ៦:៣០ នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ ១៣២/១៣៣ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះពុត សុភាព ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ សន្តិសុខរោងចក្រលូថៃរស់ នៅភូមិ ថ្មី ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាកហុងដាCity ១០០ ពណ៌ ព្រីងទុំ គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តម៉ាក CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២A ១៦០១ មិនស្គាល់អត្តសញ្ញាណក្រោយកើយហេតុបាន រត់គេចខ្លួនភ្លាមៗ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក City ១០០ ពណ៌ ព្រីងទុំ គ្មានស្លាកលេខ ដោយធ្វើដំណើរលើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រ លេខ ១៣២/១៣៣ ខណៈនោះស្រាប់តែបុកជាមួយរថយន្តមួយគ្រឿងម៉ាក CAMRY ពណ៌ស ពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

សពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវាស់វែងរកខុសត្រូវព្រមទាំងអូសយកមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅការិយាល័យចរាចរណ៍ ខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖