ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយ ដឹកថ្មម៉ាត កំពុងបើកឆ្លងផ្លូវ ត្រូវរថយន្តកុងតឺន័រមួយគ្រឿងបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យគាបជាប់តៃកុងម្នាក់ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ដែលជាតៃកុងរថយន្តកុងតឺន័រ បានរបួសបាក់ជើងម្ខាង​ បន្ទាប់ពីបើករថយន្តកុងតឺន័រយ៉ាងលឿនជ្រុលទៅបុកជាមួយរថយន្តហុីយ៉ាន់ដាយដឹកថ្មម៉ាត កំពុងបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យគាបជាប់ជាមួយចង្កូតរថយន្ត​ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ នៅតាមបណ្តោយផ្លូវ​ ២១៧​ (ហៅផ្លូវចំការដូង)​ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

បើតាមសាក្សីដែលឃើញហេតុការណ៍នេះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ​ រថយន្តហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3B-4176 ​បានដឹកថ្មម៉ាតពេញរថយន្តតែម្តង ដោយបើកចេញពីក្រុមហ៊ុនបំណងយកទៅចែកចាយ ហើយបានបើកឆ្លងកាត់ផ្លូវចំការដូងទិសដៅពីលិចទៅកើត​ ខណៈនោះស្របពេលដែលរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ3C-2197 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្ន​និងជាន់ហ្វ្រាំងមិនទាន់បានជ្រុល បុកចំហៀងចំគូទរថយន្តហុីយ៉ាន់ដាយដឹកថ្មម៉ាត យ៉ាងពេញ​ទំហឹង​ បណ្តាលឲ្យក្បាលរថយន្តកុងតឺន័រកំពិតគាបជាប់បុរសជាតៃកុងតែម្តង ។

ប្រភពដដែលបានបន្តថា ភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ខណ្ឌ​ រួមជាមួយបងប្អូនប្រជាការពារខណ្ឌ​ និងប្រជាពលរដ្ឋបានសហការគ្នាប្រមូលសម្ភារ ជួយសង្គ្រោះតៃកុងរថយន្ត​ ដោយយកខ្សែកាប្តិ៍ទាញត្រង់ចំណុចគាបអស់រយះពេលជាង១ម៉ោង​ ទើបអាចសង្គ្រោះបុរសខាងលើបាន ហើយដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនឹងបានវាស់វែង អូសយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖