ខេត្តកំពង់ស្ពឺ៖ កម្មករ និងកម្មការិនីជិត១០០នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយពីដួលសន្លប់ជាបន្តបន្ទាប់ ដោយសារតែធុំឆួលក្លិនថ្នាំ ដែលប្រើប្រាស់ការពារផលិតផលនៅក្នុងរោងចក្រ ។
ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅរោងចក្រវេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បើតាមប្រភពពីសមត្ថកិចបានឲ្យដឹងថា មុនពេលកើតហេតុកម្មករ និងកម្មការិនីបានចូលបម្រើការងារជាធម្មតា ដោយមិនមានរឿងអ្វីឡើយ ស្រាប់តែពេលចេញហូបបាយថ្ងៃត្រង់ រួចពេលចូលទៅបម្រើការងារវិញម្នាក់ៗ ស្រាប់តែមានអការល្ហិតល្ហៃវិលមុខអស់កម្លាំងហើយដួលសន្លប់ជាបន្តបន្ទាប់ ។
ឃើញដូច្នោះអ្នកគ្រប់គ្រងបានរាយការណ៍មកសមត្ថកិចអន្តរាគមន៍ហើយបញ្ជូនអ្នកដួលសន្លប់ទាំងអស់ទៅសង្គ្រោះភ្លាមៗផងដែរ ។
ប្រភពបន្តថា ក្រុមកម្មករ-កម្មការិនីដួលសន្លប់មានចំនួន 99 នាក់ ប្រុស 2នាក់ ចំពោះមូលហេតុ ត្រូវបានដឹងថា បណ្តាលមកពីការជះក្លិនថ្នាំ ទើបធ្វើឲ្យថប់ដង្ហើម វិលមុខហើយដួលសន្លប់បែបនេះ ។
ក្រោយកើតហេតុអ្នកដួលសន្លប់ត្រូវបានក្រុមហ៊ុនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ភពថ្នល់ទទឹង មន្ទីរពេទ្យ សម្ភពបែកចាន មណ្ឌលសុខភាពអង្គមេត្រី ឃុំរលាំងគ្រើល មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា កម្មករសរុបចំនួន 4129 នាក់ ដែលកំពុងបម្រើការនៅរោងចក្រខាងលើនេះ ។
រហូតមកដល់ពេលនេះ អ្នកខ្លះបានធូរស្រាលខ្លះហើយ និងបានត្រឡប់ទៅផ្ទះវិញអស់មួយចំនួនហើយដែរ នៅសល់ខ្លះកំពុងសម្រាកបន្ត ។ នេះបើតាមការបញ្ជាក់ប្រាប់ពីមន្ត្រីមន្ទីរការងារ ៕ សេនាស័ក្តិ