ភ្នំពេញ៖ ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ និងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែង និងផ្លូវ២៦១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉ែវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1H-1927 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ហ្សូម័រអ៊ិចពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GE-2537 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតបុកគ្នាពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូហ៊្សូ ម័រអ៊ិចផ្លោងបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ចំណែកអ្នកបើកម៉ូតូវ៉ែវរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ត្រូវបានរថយន្តសង្គ្រោះក្លីនីករស្មីពីរគ្រឿង មកដឹកជនរងគ្រោះទាំងបីនាក់ ទៅសង្គ្រោះភ្លាមៗដោយស្ថានភាពអ្នករងគ្រោះពីរនាក់ធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត ហើយបានស្លាប់ម្នាក់ ។
ជនរងគ្រោះ(ស្លាប់) និងអ្នករងរបួសធ្ងន់ស្រាលមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ រីឯសពជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពីណី ៕ ជ្រោយពេជ្រ