ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្ត ធ្មប់ ទទួលបានជ័យលាភីជាភាពយន្តឆ្នើមប្រចាំឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨ លើកទីបីបានបញ្ចប់ ដោយជោគជ័យជាមួយ នឹងការស្វែងរកឃើញ ម្ចាស់ភាពយន្តជ័យលាភី ភាពយន្តឆ្នើម ប្រចាំឆ្នាំ២០១៨ ហើយគឺបានទៅ លើរឿង ធ្មប់ របស់ផលិតកម្មមាតុចក្រ ។ ការប្រកាសនេះធ្វើឡើងកាលពីរាត្រីថ្ងៃទី២៨ ខែធ្នូនេះ បន្ទាប់ពីប្រកាសដាក់ឲ្យមានការបោះឆ្នោត តាមរយៈគេហទំព័រ របស់រោងភាពយន្តលេជេនរួចមក ។

រោងភាពយន្តលេជេន (Legend Cinema) ដែលទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជននោះ បានប្រកាសដាក់ ភាពយន្តឆ្នើមរបស់ខ្មែរប្រចាំឆ្នាំ២០១៨ចំនួន១០រឿង ឲ្យមហាជធ្វើការបោះឆ្នោត ។ ក្រោយការបោះឆ្នោតភាពយន្ត ធ្មប់ ដែលធ្លាប់ផ្ទុះកក្រើកផ្អើលអស់អ្នកនិយមទស្សនាភាពយន្តនោះ បានជាប់ចំណាត់ថ្នាក់លើគេ ។

លោក ហ៊ុយ យ៉ាឡេង ចាងហ្វាយផលិតកម្ម មាតុចក្រ និងជាអ្នកដឹកនាំការសម្តែងរឿង ធ្មប់ បានបង្ហាញពីអារម្មណ៍រំភើបរីករាយក្រោយពីភាពយន្តដែលលោកផលិតទទួលបានការគាំទ្រទាំងពេលចាក់បញ្ចាំងនិងដាក់ឲ្យធ្វើការបោះឆ្នោត ។ លោកបញ្ជាក់ដែរថា ជាកម្លាំងចិត្តដ៏ធំធេញសម្រាប់ការបន្តជំរុញឲ្យលោកផលិតភាពយន្តដែលមានគុណភាព ។ ជាមួយគ្នានេះលោកក៏អរគុណចំពោះនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌វិចិត្តសិល្បៈដែលបានបន្តជួយលើកទឹកចិត្តគាំទ្រ និងជំរុញឲ្យផលិតករបានបន្តស្វែងយល់ពីការផលិតភាពយន្តរបស់ប្រទេសជិតខាងកាលពីថ្មីៗនេះ ។ លោកថាសម្រាប់ការផលិតភាពយន្តកន្លងមកលោកបានបន្តសិក្សាពីចន្លោះខ្វះខាត និងព្យាយាមបំពេញបន្ថែមដើម្បីឲ្យការផលិតកាន់កាន់តែមានគុណភាពប្រកួតប្រជែង ហើយជោគជ័យពេលនេះនឹងកាន់តែធ្វើឲ្យលោកព្យាយាមស្វែងរកអ្វីដែលថ្មីប្លែកសម្រាប់ទស្សនិកជនបន្តទៀត ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨ (Movie of The Year 2018) ជាលើកទីបី ត្រូវបានបង្កើតឡើងដោយរោងភាពយន្តលេជេនស្ថិតក្នុងគោលបំណងបន្តការចូលរួមលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា ។ ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨ (Movie of The Year 2018) នេះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ នៅរោងភាពយន្តលេជេន អេដិន ក្នុងបរិវេណផ្សារទំនើបអេដិន ហ្គាដិនម៉ល (Eden Garden Mall) កម្មវិធីនេះ មានការចូលរួមពី សំណាក់សិល្បករ ផលិតករ ប្រមាណជាង៣០០នាក់ ។ ក្រៅពីការបង្កើតបរិយាកាសក្នុងការទំនាក់ទំនងរវាង អ្នកពាក់ព័ន្ធនៅក្នុង វិស័យភាពយន្តនៅកម្ពុជា រោងភាពយន្តលេជេនក៏មានគោលបំណងដ៏ធំមួយ ក្នុងការចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយវិស័យខ្សែភាពយន្តនៅកម្ពុជាផងដែរ៕ វឌ្ឍនា


ចែករំលែក៖