តាំងពីម្សិលមិញ ក៏ដូចជាថ្ងៃនេះ និងនៅថ្ងៃខាងមុខ បទល្មើសនេសាទដោយការប្រើកាណូតម៉ាស៊ីន៦អូស អួនហ៊ុំ នឹងដំណើរការដោយសេរី នៅក្នុងមូលដ្ឋានបឹងទន្លេសាប ខេត្តពោធិ៍សាត់ ជាពិសេសនៅស្រុកកណ្តៀង ក្រោមការត្រួតមើលរបស់នាយផ្នែក ស្វាយ សំអាត ។ គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ប្រកាសហាមដាច់ខាត មិនអនុញ្ញាតឲ្យប្រើប្រាស់ទូកកាណូត៤ម៉ាស៊ីន ដើម្បីនេសាទអូសអួនហ៊ុំនោះឡើយ ។ ប៉ុន្តែថ្មីៗនេះ គេរាយការណ៍ថា អួនហ៊ុំ ដែលប្រើប្រាស់កាណូត៦ម៉ាស៊ីន ចាប់ផ្តើមដំណើរការនៅមុខតំបន់រាំងទិល និងកោះក្អែក ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ប្រភពពីមន្ត្រីនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានបង្ហើបថា អួន ហ៊ុំមួយវង់ ដែលប្រើកាណូត៦ម៉ាស៊ីន ត្រូវចំណាយប្រាក់ប្រហែល៥០ទៅ៦០លានរៀល ឬ១.៥ម៉ឺនដុល្លារអាមេរិក ។ ទូកម៉ាស៊ីន ៦គ្រឿង បានអូសអួនហ៊ុំ ដែលបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ធនធានមច្ឆជាតិ ។ បច្ចុប្បន្ននេះ អួន ហ៊ុំច្រើនវង់កំពុងធ្វើសកម្មភាពនៅបឹងទន្លេសាប ក្នុងស្រុកកណ្តៀង ក្រោមដែនសមត្ថកិច្ចត្រួតមើលរបស់លោកស្វាយ សំអាត នាយផ្នែកស្តីទី កណ្តៀង ដែលទើបតែ ពន្យារអាយុបានថ្មីៗ ។
ថ្មីៗនេះ គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ចាត់កម្លាំងចម្រុះគគ្រឹកគគ្រេង ដើម្បីបង្ក្រាបបទល្មើសនេសាទ ។ ប៉ុន្តែយុទ្ធនាការនោះ ត្រូវគេអះអាងថា គ្រាន់តែឲ្យល្អមើលប៉ុណ្ណោះ ។ គ្រាន់តែឲ្យល្អមើល ក៏ព្រោះតែមុនកម្លាំងចម្រុះទៅដល់ ពួកមន្ត្រីជលផលបានទូរស័ព្ទប្រាប់អ្នកនេសាទល្មើសច្បាប់ឲ្យទម្លាក់ឧបករណ៍នេសាទខុសច្បាប់ដល់បាតបឹងទៅហើយ ។ ក្រោយការដឹកចេញពីក្រុមសមត្ថកិច្ចចម្រុះ ស្រាប់តែលេចចេញករណីបទល្មើសនៃការអូសអួនហ៊ុំ ដោយប្រើម៉ាស៊ីន៦ ។ អ្នកដែលត្រូវប៉ាន់ជាងគេ គឺលោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ៕