ប៉ោយប៉ែត៖ សេចក្តីរាយការណ៍ ពីបន្ទាត់ព្រំដែនប្រាប់ថា ប្រធាន ស្នាក់ការ កាំកុងត្រូល ច្រកតំបន់បឹងត្រកូន លោក សំ សុធារ័ត្ន បានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់នៅកន្លែងកើតហេតុ ។
លោកអធិការស្រុកស្វាយចេក ជា ឆ្លូញ បញ្ជាក់តាមទូរស័ព្ទថា :លោក សំ សុធារ័ត្ន ភេទប្រុស អាយុ៤៤ឆ្នាំ ប្រធានស្នាក់ការប្រចាំច្រកបឹងត្រកួន គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ដោយខ្លួនឯង ។
ម្ចាស់រថយន្តរួបនោះ បើករថយន្តម៉ាកឡិចស៊ីសអអុិច300 ពាក់ស្លាកលេខ 2S.9669 ចង្កូតឆ្វេង ពណ៌ទឹកដោះគោ ធ្វើដំណើរមកពីប្រជុំនៅទីក្រុងប៉ោយប៉ែត ក្នុងទិសដៅពីខាងត្បូងទៅទិសខាងជើង លើកំណាត់ផ្លូវជាតិលេខ58 ក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចខាងជើងខ្លោងទ្វារមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ 317 តេជោភ្នំឆ័ត្រ មានចម្ងាយប្រមានជា 500 ម៉ែត្រ រថយន្តក៏បានរេចង្កូតធ្លាក់ ចូលប្រទ្បាយទឹកដោយខ្លួនឯង ធ្វើឲ្យរថយន្តផ្ងារជើងឡើងលើបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ហើយករណីខាងលើនេះ គេសង្ស័យថា ក្រោយពីកិច្ចប្រជុំរួច ជនរងគ្រោះអាចហួបគ្រឿងស្រវឹងជាមួយមិត្តភក្តិ រួចធ្វើដំណើរមកស្នាក់ការខាងលើតែម្នាក់ឯង ទើបជួបគ្រោះថ្នាក់ ។
លោកអធិការបញ្ជាក់ថា នៅចន្លោះម៉ោង8និង50នាទី ថ្ងៃទី29 ធ្នូ 2018 ទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកប្រាប់មាន ករណីគ្រោះថ្នាក់ចរាចរ កើតឡើងនៅលើផ្លូវជាតិលេខ58ចំណុច ចន្លោះបង្គោលគីឡូលេខ (41-42) ស្ថិតក្នុងភូមិ ចំការគឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកបានចាត់កម្លាំងទៅចំណុចខាងលើក៏ប្រទះឃើញ ។ គ្រោះថ្នាក់ខាងលើនេះដោយសារម្ចាស់រថយន្តបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក ។
សាកសពត្រូវបានបងប្អូនសាច់ញាតិយកទៅវត្តបឹងត្រកួនដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចរថយន្តក្រឡាប់នៅចន្លោះម៉ោង22និង00នាទីថ្ងៃទី28-12ដល់ចន្លោះ ម៉ោង06និង30នាទី ថ្ងៃទី29 ខែធ្នូ 2018 ៕ វណ្ណា