ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សចំនួន ៤នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២លើក។
ប្រភពពីមន្ត្រីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានប្រាប់ថា នៅវេលាម៉ោង៨ និង១០នាទី ព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១១.២១២ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក តូយូតាហាយឡ័នឌ័រ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិសាត់ 2A 1266 បើកបរដោយឈ្មោះ នួន សុក ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុកជិះម៉ូតូឌុបគ្នាម៉ាក វេវអុី ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A 3472 ឈ្មោះ តឹក ម៉ុង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរឈ្មោះ សែម ម៉ុន ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់បង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីនាក់។
ប្រភពខាងលើបន្តថា លុះនៅវេលាម៉ោង៤ និង៤៥នាទី រសៀលថ្ងៃដដែលនោះដែរ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ទៀត ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេច២១៩.២២០ ស្ថិតក្នុងស្វាយដូនកែវទី១ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ម្ដងដែរ រវាងអ្នកជិះម៉ូតូ ១គ្រឿងម៉ាក សុីភីអ ពណ៏ខ្មៅលាយស គ្មានស្លាកលេខ ឈ្មោះ តុល តាន់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្គាញ់ ឃុំមេទឹក ស្រុកបាកាន ធ្វើចរាចរណ៍មិនប្រកាន់ស្ដាំពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូម៉ាក សង់កូរ៉េ សេ១០០ ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1A 6645 ឈ្មោះ ហេង លីហ៊ាង ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។
ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកពីផ្សេងគ្នា បណ្ដាលឲ្យរងរបួសធ្ងន់មនុស្សចំនួន ៤នាក់ខាងលើ ជនរងរបួសត្រូវបានគេចាត់ចែងបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តសមត្តកិច្ចជំនាញយកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាជាក្រោយ៕ ប៉ឹម ពិន