ព័ត៌មានទាន់ហេតុការណ៍៖

របួស​ធ្ងន់ ៤នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ យ៉ាងហោច​មនុស្ស​ចំនួន ៤នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២លើក។​

ប្រភព​ពី​មន្ត្រី​ផ្នែក​សណ្ដាប់ធ្នាប់​នៃអធិការដ្ឋាននគរបាលស្រុកបាកានប្រាប់ថា នៅវេលា​ម៉ោង​៨ និង១០នាទី ព្រឹក​ថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១១.២១២ ស្ថិតក្នុង​ភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង​រថយន្តម៉ាក តូយូតា​ហាយឡ័នឌ័រ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិសាត់ 2A 1266 បើកបរ​ដោយឈ្មោះ នួន សុក ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ធ្វើដំណើរ​ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុកជិះម៉ូតូឌុបគ្នាម៉ាក វេវអុី ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A 3472 ឈ្មោះ តឹក ម៉ុង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ និងអ្នក​រួម​ដំណើរ​ឈ្មោះ សែម ម៉ុន ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់​បង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងពីនាក់។​

ប្រភព​ខាងលើ​បន្ត​ថា លុះនៅវេលាម៉ោង៤ និង៤៥នាទី រសៀលថ្ងៃដដែលនោះដែរ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ទៀត ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេច២១៩.២២០ ស្ថិតក្នុង​ស្វាយដូនកែវទី១ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ម្ដងដែរ រវាង​អ្នកជិះម៉ូតូ ១គ្រឿង​ម៉ាក សុីភីអ ពណ៏ខ្មៅ​លាយស គ្មានស្លាកលេខ ឈ្មោះ តុល តាន់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិអង្គាញ់ ឃុំមេទឹក ស្រុកបាកាន ធ្វើចរាចរណ៍មិនប្រកាន់ស្ដាំពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូម៉ាក សង់កូរ៉េ សេ១០០ ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1A 6645 ឈ្មោះ ហេង លីហ៊ាង ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.ឃុំកើតហេតុ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងសងខាង​។​

ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោកពីផ្សេងគ្នា បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​មនុស្ស​ចំនួន ៤នាក់ខាងលើ ជនរងរបួសត្រូវបានគេចាត់ចែងបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែក​វត្ថុ​តាង​ម៉ូតូ និងរថយន្តសមត្តកិច្ចជំនាញយកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាជាក្រោយ៕ ប៉ឹម ពិន


ចែករំលែក៖