ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកបុរសជាអ្នកថ្មើរជើងម្នាក់បណ្ដាលឲ្យរបួសធ្ងន់ ស្រាល២នាក់ នៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាអ្នកថ្មើរជើងម្នាក់ ដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿនបុក បណ្ដាលឲ្យរងរបួសធ្ងន់ រីឯអ្នកបើកបរម៉ូតូរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៨ និង១០នាទី លើផ្លូវជាតិលេខ២១ ត្រង់ចំណុចខាងត្បូងស្ពានព្រែកមេស្រុក(ទី៥៥) ស្ថិតក្នុងភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះជាអ្នកថ្មើរជើងឈ្មោះ ឆេង សារី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ/ឃុំ កើតហេតុ (រងរបួសធ្ងន់) ។ ចំណែកភាគីខាងម៉ូតូម៉ាកសង់កូរ៉េ ធុនសេ១០០ ពណ៌ ក្រហម ពាក់ស្លាកលេខ កណ្ដាល 1S-0900 បើកបរដោយឈ្មោះ ស៊ន រស់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (រងរបួសស្រាល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើងខាងលើ ដើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ បើកបរដោយល្បឿនលឿន ក៏បានជ្រុលទៅបុរសជាអ្នកថ្មើរជើង បណ្ដាលឲ្យរងរបួសធ្ងន់រីឯអ្នកបើកបរម៉ូតូទទួលរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រតិបត្ដិស្រុកកោះធំ ចំណែកម៉ូតូត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុក ចុះធ្វើការវាស់វែងនិងកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលស្រុក បានបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកថ្មើរជើង ឆ្លងផ្លូវមិនមើលឆ្វេង មើលស្តាំ មិនគោរពសិទ្ធិអាទិភាព ចំណែកអ្នកបើកបរម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន ទើបទៅបុកជនរងគ្រោះ បណ្តាលធ្វើឲ្យដួល បោកទៅលើផ្លូវរងរបួសធ្ងន់តែម្តង ៕ស្អាងជ័យ


ចែករំលែក៖