ព័ត៌មានទាន់ហេតុការណ៍៖

លោកមេឃុំក្រោលគោ និងក្រុមការងារប្រគល់ផ្ទះ អណ្ដូងទឹក និងពាង និងថវិកាមួយចំនួនដល់ស្ត្រីពិការជើងក្រីក្រមួយគ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមើលឃើញពីទុក្ខលំបាក និងមានជីវភាពក្រីក្រខ្វះខាតរបស់ស្ត្រីពិការជើងម្នាក់ ខណៈរស់នៅក្រោមដើមអំពឹលទឹកបារាំង លោកមេឃុំក្រោលគោស្រុកស្វាយជ្រំបានគៀងគររកសប្បុរសជន និងថវិកាផ្ទាល់ខ្លួនដើម្បីសាងសង់ផ្ទះមួយខ្នង និងផ្ដល់អណ្ដូងព្រមទាំងពាងទឹក ។

លោក ភោគ វណ្ណថន មេឃុំក្រោលគោស្រុកស្វាយជ្រំបានឲ្យដឹងថាស្ត្រីដែលពិការជើងមានជីវភាពក្រីក្រ ខ្វះខាតមានឈ្មោះ ប៊ូសាភាន់ អាយុជាង៤០ឆ្នាំរស់ក្នុង ភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដោយមានកូនរហូតដល់ទៅ៣នាក់ចំំណែកប្ដីបានស្លាប់ចោលប្រមាណ៨ឆ្នាំដោយជម្ងឺធ្វើឲ្យជីវភាពរបស់គាត់កាន់តែធ្លាក់ដុនដាប ។

លោកមេឃុំបន្តថា ដូចនេះហើយ ទើបលោក និងក្រុមការងារ ខ្នះខ្នែង ស្វែងរកសប្បុរសជន និងបានសាងសង់ផ្ទះមានទំហំបណ្ដោយ៥ម៉ែត្រ គុណនឹង៤ម៉ែត្រ សង់អំពីឈើជញ្ជាំងប្រក់សង្ក័សី និងដំបូលសង្ក័សី ចំណាយថវិកា អស់៥០០ដុល្លារ ។

បន្ទាប់ពីសាងសង់ផ្ទះរួចហើយក៏មានថវិកាឧបត្ថមរបស់លោកសូសូច័ន្ទ ប្រធានក្រុមការងារចុះជួយឃុំក្រោលគោ និងលោកថាច់រតនា និងរូបោកបានជួយធ្វើអណ្តូងទឹក និងផ្តល់ពាងចំនួនមួយ ចំណាយថវិកា អស់ជាង៦០ម៉ីនរៀល និងធ្វើពិធីប្រគល់នាពេលនេះផងដែរ ។

លោកក៏បានផ្ដាំផ្ញើដល់ស្ត្រីខាងលើត្រូវឲ្យខិតខំថែរក្សាសុខភាព មានអនាម័យ ក្នុងការរស់នៅ ហើយត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារជម្ងឺឆ្លងនានា ដែលបណ្តាលមកពីការកង្វះ អនាម័យ ហើយប្រឹងប្រែង ប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ។

ខណៈនោះដែរស្ត្រីឈ្មោះប៊ូសាភាន់ ក៏បានលើកម្រាមដៃដប់ទាំងទឹកភ្នែករលីងរលោង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកពូមេឃុំក្រោលគោក៏ដូចជាសប្បបុរសជននានាដែលបានចំណាយថវិកា របស់ខ្លួនមិនស្ដាយក្នុងការសាងសង់ផ្ទះ ក៏ដូចជាអណ្ដូងទឹក និងពាងមួយក្នុងការជួយសម្រួលរស់នៅប្រចាំថ្ងៃរបស់គាត់ដែលមានជីវភាពក្រីក្រខ្វះខាត និងជូនពរពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លៀតឡើយ ៕ យឹម សុថាន


ចែករំលែក៖