ភ្នំពេញ៖ ដោយសារតែអ្នកបើកបររថយន្តធុនធំ ភាគីច្រើនតែងតែបើកខ្វះការប្រុងប្រ័ត្នទើបបង្កជាគ្រោះថ្នាក់ចរាចរដល់អ្នកដទៃ ជាក់ស្តែងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១ ខែ មករា ឆ្នាំ២០១៩ មានរថយន្តដឹកដី១គ្រឿង ម៉ាកFUSO បានបើកវ៉ារថយន្តមួយគ្រឿងទៀត ពីខាងឆ្វេងតែវ៉ាមិនផុតក៏បួងចង្កូតមកឆ្វេងធ្លាក់ផ្លូវក្រឡាប់ចាក់ដីក្នុងទឹកបឹងឈូក ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិសំរោងលើ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តដែលក្រឡាប់ធ្លាក់ទឹកម៉ាកFUS O ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំPP. 0287 បើកបរដោយបុរសម្នាក់ មិនប្រាប់អត្តសញ្ញាណ ។ ចំណែករថយន្តដឹកដីមួយគ្រឿងទៀតម៉ាកហ៊ីណូ មិនចាំស្លាកលេខ ក្រោយកើតហេតុបើកបន្តទៅមុខគេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តម៉ាកFUSOខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្តោយផ្លូវខាងលើទិសដៅស្របគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីណូ មិនចាំស្លាកលេខ ពីត្បូងទៅជើង ដោយរថយន្តគាត់បើកពីក្រោយ ។ លុះមកដល់ចំណុចកើតហេតុគាត់បានបើកវ៉ាឆ្វេង តែរថយន្តម៉ាកហ៊ីណូមិនឲ្យវ៉ាដោយខ្លាចបុកគេ គាត់ក៏បួងចង្កូតមកឆ្វេងដៃបណ្តាលឲ្យរថយន្តធ្លាក់ផ្លូវក្រឡាប់ចូលទឹកបឹងឈូកតែម្តង ។
ក្រោយកើតហេតុ ដោយរថយន្តមិនមានប៉ះពាល់ដល់អ្នកដទៃ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តទាក់ទងរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលខ្លួនឯង ៕ចាន់ធឿន