ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា សុំលុយម្ដាយ តែម្ដាយគ្មានលុយឲ្យ ខឹងវាយបំផ្លាញ ទ្រព្យសម្បត្ដិ អស់មួយចំនួន ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងជោកជាំ សុំលុយម្ដាយទិញទូរស័ព្ទ តែម្ដាយគ្មានលុយឲ្យ ក៏មានចិត្ដខឹងក្រោធនឹងម្ដាយរបស់ខ្លួន បានស្ទុះទៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិនៅក្នុងផ្ទះអស់មួយចំនួន ត្រូវសមត្ថកិច្ចស្រុកលើកដែកធ្វើការចាប់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហង់ សុទ្ធា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រីស្រ្ដីរងគ្រោះឈ្មោះ សរ នឿន ភេទស្រី អាយុ៥៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកទ្រព្យសម្បត្ដិខូចខាតមាន៖ ទូដាក់សំលៀកបំពាក់ចំនួន១ ,ធុងទឹកកកចំនួន១ ,ជញ្ជាំងផ្ទះ ធ្លុះធ្លាយទាំងសងខាង ,កង្ហារ១ ,ចង្រ្កានហ្គាស់១ សំភារ:ផ្សេងៗមួយចំនួនជាច្រើនទៀត ។

ប្រភពដដែលបន្ដថា នៅថ្ងៃខែឆ្នាំកើតហេតុ វេលាម៉ោង១២និង៣០នាទី ឈ្មោះជនសង្ស័យឈ្មោះ ហង់ សុទ្ធា បានផឹកស្រារហូតស្រវឹងជោគជាំ រួចសុំលុយម្តាយរបស់ខ្លួន ដើម្បីទិញទូរស័ព្ទប្រើ ប៉ុន្តែស្រ្ដីជាម្តាយពុំមានលុយឲ្យទៅកូននោះទេ ភ្លាមនោះជនសង្ស័យក៍ខឹងយ៉ាងខ្លាំង ធ្វើអីម្ដាយមិនកើត ក៏ទៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់របរសំភារ:ក្នុងផ្ទះខ្ទេចខ្ទីអស់ស្ទើរគ្មានសល់ ។ ភ្លាមនោះស្រ្ដីជាម្តាយក៏សម្រេចចិត្ដប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពាមរាំងឱ្យជួយធ្វើអន្តរាគមន៍ ។

ក្រោយពីនគរបាលប៉ុស្ដិ៍រដ្ឋបាលបានទទួលពាក្យបណ្ដឹងពីស្រ្ដីរងគ្រោះរួច ភ្លាមនោះក៏កម្លាំងនគរបាលក៍បានចុះទៅដល់ផ្ទះកើតហេតុ រួចធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ ហង់ សុទ្ធា មកកាន់ប៉ុស្តិ៍រដ្ឋបាលពាមរាំង រួចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖