ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសចំនួន៤នាក់ដែលគេដឹងថាជាកម្លាំងអាវុធហត្ថបានចូលច្រៀងខារ៉ាអូខេមួយកន្លែងហើយបានច្រលំធាក់ភ្ញៀវផ្សេងទៀតដោយស្មានតែមិត្តភក្តិធ្វើអោយប្រកែកគ្នាស្រាប់តែសន្តិសុខចូលទៅឃាត់រួចក៏ផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមកបណ្តាលអោយរងរបួសទាំងសងខាងត្រូវសមត្ថកិច្ចនាំទៅសាកសួរ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចមណ្ឌលកំសាន្តឌីយ៉ាម៉ង់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីអ្នករត់ម៉ូតូកង់បីនៅមុខខារ៉ាអូខេខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីខាងកងអាវុធហត្ថខាងលើចំនួន៤នាក់ ជិះម៉ូតូ៣គ្រឿងដោយមួយគ្រឿងម៉ាកអ៊ាប្លែក ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ ខេមរភូមិន្ទ 09 1.9899 និងម៉ូតូមួយគ្រឿងទៀតម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-5256 ចូលផឹកស៊ីក្នុងខារ៉ាអូខេខាងលើ បន្ទាប់មកកងរាជអាវុធហត្ថនោះបានចេញមកវិញ តែនៅក្នុងបរិវេណខារ៉ាអូខេនៅឡើយ ក៏បានច្រឡំភ្ញៀវម្នាក់ស្មានថាជាមិត្តភក្តិរបស់ខ្លួន ហើយក៏បានធាក់លេងមួយជើង ធ្វើឱ្យភាគីភ្ញៀវម្នាក់ដែលត្រូវកងរាជអាវុធហត្ថធាក់នោះក៏ខឹង បានហៅមិត្តភក្តិរបស់ខ្លួនដែលផឹកស៊ីនៅខាងក្នុងមកជួយអន្តរាគមន៍ ។ ភ្លាមនោះកងរាជអាវុធហត្ថម្នាក់បានសុំទោសភ្ញៀវម្នាក់នោះដោយសារការយល់ច្រឡំ តែភាគីភ្ញៀវម្នាក់នោះនៅតែមិនព្រម ក៏ផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមកតែម្តង ។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា ពេលនោះសន្តិសុខនៅក្នុងខារ៉ាអូខេខាងលើបានចូលទៅឃាត់ ហើយភាគីខាងកងរាជអាវុធហត្ថបានវាយទៅលើសន្តិសុខខារ៉ាអូខេមួយដៃបណ្តាលឱ្យសន្លប់ស្តូក ធ្វើឲ្យសន្តិសុខផ្សេងទៀត មកជួយអន្តរាគមន៍ ហើយក៏វាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យភាគីខាងកងរាជអាវុធហត្ថចំនួន២នាក់ បានរងរបួសធ្ងន់ រីឯភាគីខាងសន្តិសុខចំនួន៤នាក់បានរងរបួសបែកមុខ បែកមាត់ ដោយឡែកភាគីខាងភ្ញៀវមួយក្រុមខាងលើនាំគ្នាគេចចេញទៅអស់។
ភ្លាមៗនោះសម្ថិតកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ដែលនៅជិតកន្លែងកើតហេតុ បានចេញមកអន្តរាគមន៍ភ្លាមៗដែរ តែភាគីទាំងសងខាងនៅវាយគ្នាទៅវិញទៅមកខ្លាំងពេក ធ្វើឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដកកាំភ្លើងបាញ់ទៅលើចំនួន២គ្រាប់ រួចក៏ចាប់ឃាត់ខ្លួនភាគីទាំងសងខាង។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី១បានប្រគល់ភាគីទាំងសងខាងទៅឲ្យកម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញនាំទៅធ្វើការសាកសួរបន្ត ៕សុខាសែនជ័យ