ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថចូលច្រៀងខារ៉ាអូខេផ្ទុះហិង្សាជាមួយសន្តិសុខផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសចំនួន៤នាក់ដែលគេដឹងថាជាកម្លាំងអាវុធហត្ថបានចូលច្រៀងខារ៉ាអូខេមួយកន្លែងហើយបានច្រលំធាក់ភ្ញៀវផ្សេងទៀតដោយស្មានតែមិត្តភក្តិធ្វើអោយប្រកែកគ្នាស្រាប់តែសន្តិសុខចូលទៅឃាត់រួចក៏ផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមក​បណ្តាលអោយរងរបួសទាំងសងខាងត្រូវសមត្ថកិច្ចនាំទៅសាកសួរ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​ រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មណ្ឌល​កំសាន្ត​ឌី​យ៉ា​ម៉​ង់ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​មុខ​ខារ៉ាអូខេ​ខាងលើ ​បានឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភាគី​ខាង​កង​អាវុធហត្ថ​ខាងលើ​ចំនួន​៤​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​​ដោយមួយ​គ្រឿង​ម៉ាក​អ៊ា​ប្លែក ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 09 1.9899 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-5256 ចូល​ផឹកស៊ី​ក្នុង​ខារ៉ាអូខេ​ខាងលើ បន្ទាប់​មក​កងរាជអាវុធហត្ថ​នោះ​បាន​ចេញ​មក​វិញ តែ​នៅ​ក្នុង​បរិវេណ​ខារ៉ាអូខេ​នៅឡើយ ក៏​បាន​ច្រឡំ​ភ្ញៀវ​ម្នាក់​ស្មានថា​ជា​មិត្តភក្តិ​របស់​ខ្លួ​ន ហើយ​ក៏​បាន​ធាក់​លេង​មួយ​ជើង ធ្វើ​ឱ្យ​ភាគី​ភ្ញៀវ​ម្នាក់​ដែល​ត្រូវ​កងរាជអាវុធហត្ថ​ធាក់​នោះ​ក៏​ខឹង បាន​ហៅ​មិត្តភក្តិ​របស់​ខ្លួន​ដែល​ផឹកស៊ី​នៅ​ខាងក្នុង​មក​ជួយ​អន្តរាគមន៍ ។ ភ្លាម​នោះ​កងរាជអាវុធហត្ថ​ម្នាក់​បាន​សុំ​ទោស​ភ្ញៀវ​ម្នាក់​នោះ​ដោយសារ​ការ​យល់​ច្រឡំ តែ​ភាគី​ភ្ញៀវ​ម្នាក់​នោះ​នៅ​តែ​មិន​ព្រម ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មកតែម្តង ។

តាមប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​សន្តិសុខ​នៅ​ក្នុង​ខារ៉ាអូខេ​ខាងលើ​បាន​ចូល​ទៅ​ឃាត់ ហើយ​ភាគី​ខាង​កងរាជអាវុធហត្ថ​បាន​វាយ​ទៅ​លើ​សន្តិសុខ​ខារ៉ាអូខេ​មួយ​ដៃ​បណ្តាល​ឱ្យ​សន្លប់​ស្តូក ធ្វើ​ឲ្យ​សន្តិសុខ​ផ្សេង​ទៀត មក​ជួយ​អន្តរាគមន៍ ហើយ​ក៏​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ភាគី​ខាង​កងរាជអាវុធហត្ថ​ចំនួន​២​នាក់ បាន​រង​របួសធ្ងន់ រីឯ​ភាគី​ខាង​សន្តិសុខ​ចំនួន​៤​នាក់​បាន​រង​របួស​បែក​មុខ បែក​មាត់ ដោយឡែក​ភាគី​ខាង​ភ្ញៀវ​មួយ​ក្រុម​ខាងលើ​នាំ​គ្នា​គេច​ចេញ​ទៅ​អស់​។

ភ្លាមៗនោះសម្ថិតកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ដែល​នៅ​ជិត​កន្លែង​កើតហេតុ បាន​ចេញ​មក​អន្តរាគមន៍​ភ្លាម​ៗ​ដែរ តែ​ភាគី​ទាំង​សងខាង​នៅ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ពេក ធ្វើ​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដក​កាំភ្លើង​បាញ់​ទៅ​លើ​ចំនួន​២​គ្រាប់ រួច​ក៏​ចាប់​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ប្រគល់​ភាគី​ទាំង​សងខាង​ទៅ​ឲ្យ​កម្លាំង​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាំ​ទៅ​ធ្វើការ​សាកសួរ​បន្ត ៕សុខាសែនជ័យ


ចែករំលែក៖