ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋថា មានករណីមនុស្សធ្លាក់ពីជើងយន្តហោះបានធ្វើឲ្យកើតជាចម្ងល់របស់មហាជន

ចែករំលែក៖

ខេត្តសៀមរាប ៖ មហាជនចាត់ទុកជារឿងដ៏កម្រមួយនៅពេលដែលមានប្រភពក្រៅផ្លូវការបានឲ្យដឹងថានៅក្នុងព្រលានយន្តហោះ មានមនុស្សលួចចូលហើយទៅសម្ងំលាក់ខ្លួននៅជើងយន្តហោះ ពេលយន្តហោះត្រូវហោះឡើង ក៏ធ្លាក់បុរសនោះស្លាប់ភ្លាមៗតែម្ដង ។

ទោះបីជាបែបនេះក្តី ព័ត៌មានមិនត្រូវទទួលបានការបំភ្លឺទេ ជុំវិញហេតុការណ៍ដ៏កម្រកើតមាននេះ ។ បុរសរូបនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ បានលួចកាត់របងបន្លាលួសចូលទៅពួននៅក្រោមយន្តហោះពីមួយទៅមួយតាំងពីព្រលឹម ដែលតាមប្រភពនេះថា ជននោះប៉ងដើម្បីឡើងយន្តហោះ បម្រុងជិះចេញទៅក្រៅប្រទេស រហូតដល់យន្តហោះឡើងបានប្រហែល៣០ម៉ែត្រ ក៏ធ្លាក់មកដីស្លាប់ភ្លាមៗ និងបង្កឲ្យមានការភ្ញាក់ផ្អើលពេញព្រលានយន្តហោះអន្តរជាតិសៀមរាប ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ គ្មានការផ្សព្វផ្សាយទេ ។ បើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានលួចប្រាប់ឲ្យដឹងថា ហេតុ ការណ៍មនុស្សធ្លាក់ពីលើយន្តហោះស្លាប់នៅក្នុងព្រលាននោះ ត្រូវបានគេដឹងថា កើតមានពិតប្រាកដមែន ដោយសារសមត្ថកិច្ចបានធ្វើការស្រាវជ្រាវជាមួយបុគ្គលិកព្រលាន ដោយបើកមើលតាមកាមេរ៉ាសុវត្ថិភាពឃើញមានបុរសម្នាក់បានលួចកាត់របងបន្លាលួស ចូលមកពួនក្រោមយន្តហោះក្នុងព្រលាន និងដើរឆ្លងពីយន្តហោះមួយទៅយន្តហោះមួយមិនដឹងថា មានបំណងចង់ធ្វើអ្វីនោះទេ តាំងពីម៉ោងជាង៤ទៀបភ្លឺរហូតដល់ម៉ោង៥ និង១០នាទីព្រឹកថ្ងៃទី៣១ ធ្នូ២០១៨ ។ ប្រភពបានបញ្ជាក់ទៀតថា បន្ទាប់ពីយន្តហោះ១គ្រឿងហោះហើរឡើងនៅអំឡុងម៉ោងប្រមាណជាង១០ព្រឹកថ្ងៃដដែលនោះ ក៏ស្រាប់តែឃើញមានមនុស្សធ្លាក់ពីលើយន្តហោះមកដីស្លាប់ភ្លាមៗ ។

ជនរងគ្រោះដែលធ្លាក់ពីលើយន្តហោះស្លាប់នោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ រហូតមកដល់ម៉ោងជាង១រសៀលថ្ងៃទី១ មករា ហើយក៏ គ្មាន នរណាដឹងថា មានមនុស្សចូលទៅសម្ងំលាក់ខ្លួនក្នុងជើងយន្តហោះនោះទេ ហើយការភ្ញាក់ផ្អើលបានកើតឡើង ដោយសារគេបានប្រទះឃើញមនុស្សម្នាក់ដេកស្លាប់ នៅក្នុងព្រលានយន្តហោះ ។ ក្រោយពេលមានការភ្ញាក់ផ្អើលទើបមានការត្រួតពិនិត្យតាមកាមេរ៉ាសុវត្ថិភាពទើបដឹងថាបុរសនោះបានលួចចូលទៅសម្ងំក្នុងគម្របកង់យន្តហោះនោះមែន ។

សាកសពត្រូវបានគេដឹកចេញភ្លាមៗ យកទៅតម្កល់ទុកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ សេចក្តីរាយការណ៍បន្តថា នៅម៉ោង0២ និង៣០នាទីរសៀលថ្ងៃដដែលកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក រួមជាមួយនគរបាលជំនាញបច្ចេកទេស ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីមន្ត្រីគ្រប់គ្រងព្រលានយន្តហោះ បានចុះធ្វើការពិនិត្យសាកសព និងបើកការស៊ើបអង្កេតលើ៣ចំណុច គឺស្វែងរកសម្ភាសសាក្សី ពិនិត្យកន្លែងកើតហេតុ និងធ្វើការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពជាលទ្ធផលជាក់ស្តែង តាមការពិនិត្យលើកាមេរ៉ា គឺនៅវេលាទៀបភ្លឺថ្ងៃទី៣១ ធ្នូ បានឃើញសកម្មភាព បុរសម្នាក់ ដើរទៅរកយន្តហោះស្កាយ បន្ទាប់មកបន្តដើរទៅJC ហើយបន្តទៅយន្តហោះឡានម៉ី និងបានដើរទៅសម្ងំដេកនៅក្នុងកន្លែងកង់របស់យន្តហោះ ។ លុះដល់ម៉ោង១០និង២០នាទី យន្តហោះបានធ្វើការហោះហើរ ដោយមិនបានដឹងថា មានមនុស្សចូលទៅសម្ងំក្នុងកង់យន្តហោះឡើយ ។

តាមការបំភ្លឺពីសាក្សីឈ្មោះ លឿម រុំ ភេទប្រុស បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១០និង២០នាទីថ្ងៃទី៣១ ពេលខ្លួនកំពុងធ្វេីការក៏បានឃេីញយន្តហោះដែលកំពុងតែហោះហើរ មានកម្ពស់ប្រហែល៣០ម៉ែត្រ ស្រាប់តែឃេីញមានមនុស្សម្នាក់ធ្លាក់ពីកង់យន្តហោះ ដែលមានចម្ងាយពីខ្លួនប្រហែល២០០ម៉ែត្រ ហើយយន្តហោះនោះក៏ហោះហើរបាត់ទៅ ។ តាមការពិនិត្យរបស់ជំនាញបច្ចេកទេស សាកសពស្លាប់មានសភាពបាក់ដៃ ជើង រយះភ្លៅ ។

ជុំវិញករណីនេះនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ យើងបានទំនាក់ទំនង់តាមទូស័ព្ទទៅលោក ទិត្យណារុង ស្នងការខេត្តសៀមរាប ដើម្បីសុំការបំភ្លឺជុំវិញមនុស្សធ្លាក់ពីលើយន្ដហោះនេះ តែលោកថា ជាប់ប្រជុំ លុះយើងទំនាក់ទំនងទៅ លោក ហួត សុខធី ស្នងការរងទទួលបន្ទុកផ្នែកសន្ដិសុខ លោកលើកទួស័ព្ទហើយតែធ្វើជាមិនលឺក្នុងកិច្ចសម្ភាសនេះ ក្រោយមក មិនលើទូស័ព្ទនោះឡើយ ធ្វើអោយយើងមិនបានដឹងច្បាស់ថាការ ការការពារសន្ដិសុខក្នុងប្រលានយន្ដហោះនោះ មានភាពធូររលុងឬយ៉ាងណានោះទេ? ធ្វើអោយមហាជនរឺះគន់ថា រឿងនេះវានិងធ្វើអោយប៉ះពាលសន្ដិសុខជាយ៉ាងខ្លាំង ។យើងខ្ញុំរងចាំការបំភ្លឺជុំវិញករណីនេះគ្រប់ពេល ដើម្បីដឹងការពិត៕ ប៊ុនរិទ្ធី


ចែករំលែក៖