ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសរយះក្បាល ជាទម្ងន់បន្ទាប់ពីត្រូវរងនូវការវាយពីសំណាក់ ក្រុមជនដៃដល់ ដែលចង់ស្រាយគំនុំចាស់ ។ ក្រោយបង្កជនដៃដល់បានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមក្របួចយកមកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលក្រុងច្បារមនបានឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងច្បារមន បានទទួលបណ្ដឹងពីជនរងគ្រោះស្ដីពីករណីហិង្សាដោយចេតនា ដែលបានកើតឡើង កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅ ភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះឈ្មោះ ម៉ប់ រ៉ាន់ដា ហៅថ្លែន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះរងរបួស ចំក្បាលដេរ៥ថ្នេរ ។
តាមការឲ្យដឹង ពីសមត្ថកិច្ចគឺ មុនពេលកើតហេតុជនរងគ្រោះបានទៅចូលរួមក្នុងកម្មវិធីចូលរោងការរបស់ឈ្មោះ ឆាង នី នៅភូមិឃុំជាមួយគ្នា ខណ:កំពុងអង្គុយហូបបាយក៏មានឈ្មោះ សេត សាម៉ាឌី ហៅខួច ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកភូមិជាមួយគ្នា បានយកឆ្នាំងដាំបាយមកវាយជនរងគ្រោះពេលវាយហើយឈ្មោះ សេក សាម៉ាឌី បានរត់ចេញក្រៅរោង ចំណែក ជនរងគ្រោះក៏រត់តាមមកសួររកហេតុផលស្រាប់តែពេលកំពុងតែសួរនាំក៏ត្រូវឈ្មោះ ពេជ្រ សុភាព ហៅ ឌុយ ភេទប្រុស អាយុ២២ឆ្នាំយកដំបងឬស្សីមកវាយបណ្ដាលឲ្យត្រូវ ក្បាលចំខាងឆ្វេងបែកដេរ៥ថ្នេរ រងរបួសឈាមស្រោចជោកខ្លួន ។
ក្រោយបង្កជនដៃដល់ទាំង២ ក៏រត់គេចខ្លួនបាត់ ។ លុះព្រឹកឡើងថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទើបកម្លាំងនគរបាលចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង២ រួចបញ្ជូនមកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងច្បារមន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចគឺជនសង្ស័យឆ្លើយសារភាពថា មូលហេតុ ដែលខ្លួនវាយទៅលើជនរងគ្រោះព្រោះតែចង់ស្រាយគំនុំចាស់ ដែលមានពីមុនមក ៕ សេនាស័ក្តិ