ប៉ោយប៉ែត៖ បន្ទាប់ពីអាជ្ញាធរ ផ្លាស់ក្រុមហ៊ុនឃ្យូងធាវី ចេញប្ដូរចូលក្រុមហ៊ុនស៊ីនទ្រីថ្មី ចាប់ផ្តើមដំណើរការថ្ងៃដំបូងនៅក្រុងប៉ោយប៉ែតប្រើប្រាស់រថយន្តសម្អាតអនាម័យ១៧គ្រឿង និងបុគ្គលិក១០០នាក់ ដើម្បីសម្អាត និងកែមុខមាត់ថ្មី សំរាប់ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២ខែ មករា ឆ្នាំ ២០១៩ ដែលមានអាជ្ញាធរ សមត្ថកិច្ចចំរុះ ធ្វើពលកម្ម រើស និងលាងសម្អាតតាមបណ្តោយផ្លូវជាតិលេខ៥ ពីចំណុចមុខវត្តបាលិលេយ្យ ដល់វង្វង់មូលឋានសួគ៍ប៉ោយប៉ែត ។
ក្នុងថ្ងៃចាប់ផ្តើមដំណើរការក្រុមហ៊ុនសម្អាតអនាម័យស៊ីនទ្រី ដែលមកជំនួសក្រុមហ៊ុន ឃ្យូងធាវី លោកអភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ មានប្រសាសន៍ណែនាំដល់អាជ្ញាធរភូមិ.សង្កាត់ ត្រូវចូលរួមសហការជាមួយក្រុមហ៊ុនស៊ីនទ្រី ចុះស្រង់ឈ្មោះតាមខ្នងផ្ទះ ផ្ទះល្វែង ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយ៍ដ្ឋាន សាលារៀន ក្រុមហ៊ុន នឹងណែនាំឲ្យប្រជាពលរដ្ឋចូលរួមបង់ថ្លៃសេវាកម្មអោយក្រុមហ៊ុនប្រមូលសំរាមឲ្យបានទៀងទាត់ និងទាន់ពេលវេលា ។
លោកបញ្ជាក់ថា ក្រុមហ៊ុនស៊ីនទ្រី មិនត្រូវមានត្រឹមតែរថយន្តធំៗប្រមូលសំរាមប៉ុណ្ណោះទេ ក្រុមហ៊ុនត្រូវមានរថយន្តតូចៗបន្ថែមទៀត ដើម្បីងាយស្រួលប្រមូលសំរាមចូលតាមផ្លូវលំក្នុងភូមិនីមួយៗ ដើម្បីបំពេញតម្រូវការអតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ។
លោកអភិបាល ក៏អំពាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមបង់ថ្លៃសេវាកម្មឲ្យបានទៀងទាត់ និងវិចខ្ចប់ទុកដាក់សំរាម អោយបានត្រឹមត្រូវ ជាពិសេសនៅតាមមុខផ្ទះ កន្លែងលក់ដូរ ឬអាជីវកម្មរបស់ខ្លួន ត្រូវជួយសម្អាតអនាម័យឲ្យបានស្អាតល្អផងដែរ ។
លោកសុខ ហួត អគ្គនាយករងក្រុមហ៊ុនស៊ីនទ្រី ប្រាប់ថា សំរាប់ថ្ងៃដំបូងនេះ ក្រុមហ៊ុនប្រើប្រាស់រថយន្តប្រមូលសំរាមចំនួន១៥គ្រឿង រថយន្តបោសលាងសម្អាតផ្លូវចំនួន២គ្រឿង និងប្រើបុគ្គលិកប្រមូលសំរាមចំនួន១០០នាក់ ដើម្បីធ្វើការសាកល្បងសិន បើសិនជាមានការខ្វះខាត ក្រុមហ៊ុននិងយកមកបំពេញបន្ថែមទៀតដើម្បីតម្រូវការអតិថិជន ៕ វណ្ណា