ខេត្តកណ្ដាល៖ ម៉ូតូ២គ្រឿងបើកស្របទិសគ្នាបានបុកជាមួយរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងពេញមួយទំហឹង បណ្ដាលអ្នកបើកបរម៉ូតូមួយគ្រឿងស្លាប់និងមួយគ្រឿងទៀតរងបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៥៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្តីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ណុប សារឿន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិដងគោមថ្មី ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1C-5476 និងអ្នកបើកបរម៉ូតូមួយគ្រឿងទៀតមិនស្គាល់អត្ដសញ្ញាន បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគី វីវាធុនសេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ ព-4709ភព1 ។ ចំណែកឯរថយន្ដពុំស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករត់គេចខ្លួនក្រោយមានហេតុការណ៍កើតឡើង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូទាំង២គ្រឿងបើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ-កំពង់ឆ្នាំង) លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដមួយគ្រឿងបើកច្រាស់ទិសគ្នា បណ្ដាលឲ្យបុកជាមួយម៉ូតូជនរងគ្រោះទាំង២គ្រឿង ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីវីវ៉ា រងរបួសស្រាល ។ ចំណែករថយន្ដក្រោយពីមានហេតុការណ៍កើតឡើង បានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុកបានចុះមកអន្ដរាគមន៍កន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង បញ្ជាក់ថា ម៉ូតូទាំង២គ្រឿងពិតជាត្រូវរថយន្ដបើកបុកប្រាកដមែន ក្រោយពីពិនិត្យចប់ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូទាំង២គ្រឿងត្រូវបាននគរបាលជំនាញកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ