ខេត្តកណ្ដាលៈ ជនសង្ស័យប្រុសស្រី២នាក់ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងស្ទឹងធ្វើការបង្រ្កាបឃាត់ខ្លួន កាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនមាន២នាក់ ទី១-ឈ្មោះ ង៉ែត វិរៈ ហៅពៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) និងទី២-ឈ្មោះ ជា ម៉ីលីង ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិកាស្លា ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (មុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៦កញ្ចប់ (១កញ្ចប់មធ្យម -៥កញ្ចប់តូច) និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទ្រាបានទទួលព័ត៌មានច្បាស់ថា ជនសង្ស័យទាំង២នាក់កំពុងជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិ/ឃុំកើតហេតុខាងលើ ក្រោយពីកម្លាំងនគរបាលបានទទួលព័ត៌មានរួច ភ្លាមនោះក៏សហការជាមួយកម្លាំងជំនាញស្រុក ចុះធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងដកហូតវត្ថុតាងជាក់ស្ដែងខាងលើ យកមកអធិការការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ង៉ែត វិរៈ បានសារភាពថា ថ្នាំញៀនខាងលើនេះ ខ្លួនបានទិញជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅម្តុំបឹងត្របែក រាជធានីភ្នំពេញ ក្នុងតំលៃ១៥០,០០០រៀល ដើម្បីយកមកលក់បន្ដប្រាកដមែន ៕ ស្អាងជ័យ