ក្រោយពេលឥណ្ឌូនេស៊ី ទទួលរងការវាយប្រហារដោយរលកយក្ស ស៊ូណាមិ បណ្តាលមកពីការផ្ទុះភ្នំភ្លើងនៅដែនសមុទ្រ សម្លាប់មនុស្សជាច្រើន នាពេលកន្លងមកថ្មី ពេលនេះ រដ្ឋាភិបាលបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលអាចកើតឡើង បណ្តាលមកពីភ្នុំភ្លើង Anak Krakatau។
ភ្នំភ្លើងមួយដែលស្ថិតនៅចន្លោះកោះស៊ូម៉ាត្រានិងកោះជ្វា ដែលបានផ្ទុះឡើងហើយបង្កឲ្យមានរលកស៊ូណាមិកាលពី ចុងសប្តាហ៍កន្លងមកបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៣០នាក់នោះ ត្រូវបានរដ្ឋាភិបាលឥណ្ឌូនេស៊ីប្រកាសថា ភ្នំភ្លើងដដែលនេះ កំពុងបង្ហាញពីកម្រិតហានិភ័យខ្ពស់គួរឲ្យព្រួយបារម្ភ ។
ទីភ្នាក់ងារគ្រប់គ្រងភ្នំភ្លើងរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្រិតប្រកាសអាសន្ន ដែលបង្កឡើងដោយ ភ្នំភ្លើង Anak Krakatau បានកើនឡើងដល់កម្រិតខ្ពស់បំផុតទី ២ ហើយតំបន់ដែលត្រូវបានជន្លៀសពលរដ្ឋចេញនោះ បានកើន ឡើងទ្វេដងរហូតដល់ ៥គីឡូម៉ែត្រការ៉េ។
ភ្នំភ្លើង Anak Krakatau បានផ្ទុះឡើងកាលពីល្ងាចថ្ងៃសៅរ៍ បានបណ្តាលឲ្យរលកស៊ូណាមិវាយប្រហារ តំបន់ឆ្នេរនៃកោះ Sunda ក្នុងកម្ពស់ជាង ២ម៉ែត្រ។
រដ្ឋាភិបាលបានព្រមានដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ឆ្នេរ សូមនៅឲ្យឆ្ងាយអោយមាន យ៉ាងតិច ១គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ ដោយសារតែមានការព្យាករណ៏ថា អាចនឹងកើតមានរលកយក្សស៊ូណាមីកើតមានឡើងសារជាតិថ្មី ស្របគ្នា ដែលសកម្មផ្ទុះនៃភ្នំភ្លើង Anak Krakatau កំពុងបន្ត។
កាលពីថ្ងៃទី២៧ ខែធ្នូ នាវាចម្បាំងមួយគ្រឿងបានទៅដល់តំបន់កោះរងគ្រោះនិងភ្នំភ្លើងខាងលើ ដោយនាំយកអ្នកវិទ្យាសាស្ត្រ មួយក្រុមទៅកាន់ទីនោះ ដើម្បីសិក្សាស្រាវជ្រាវបន្ថែមអំពីហានិភ័យនិងបាតុភូតនានា៕