ខេត្តស្វាយរៀង ៖ កម្មករ កម្មការិនីប្រមាណ ២,១៨០នាក់ លើកគ្នាបាតុកម្មតវ៉ាទាមទារប្រាក់៥០ភាគរយ ដែលថៅកែរោងចក្រផលិតស្បែកជើង KINGMAKERS ប្រកាសព្យួរការងាររយៈពេល១ខែ ដោយលើកហេតុផលថា គ្មានអ្នកបញ្ជាទិញ ។
ករណីផ្ទុះបាតុកម្មនេះ កើតឡើងនៅវេលាម៉ោង៧ព្រឹក រហូតមកដល់ម៉ាង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ មករា ២០១៩ នៅខាងមុខរោងចក្រឃីងម៉េកឃើរ KINGMAKERS ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។
លោក អ៊ូ សាខឿន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងជាសមាជិកអចិន្ត្រៃយ៍នៃគណកម្មាធិការកណ្តាលប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត បានឲ្យដឹងថា មូលហេតុកម្មករ កម្មការិនីបាតុកម្ម គឺដោយសារថៅកែរោងចក្រផលិតស្បែកជើង ប្រកាសសុំព្យួរការងារកម្មកររយៈពេល១ខែ មូលហេតុគ្មានអ្នកបញ្ជាទិញ ហើយការបាតុកម្មតវានេះកម្មករកម្មការិនីបានទាមទារសុំឲ្យថៅកែបើកប្រាក់ឲ្យកម្មករកម្មការិនីចំនួន៥០ភាគរយ ឲ្យកម្មករ ក៏ប៉ុន្តែភាគីថៅកែងរោងចក្រមិនយល់ព្រម ទើបផ្ទុះការតវ៉ាដោយនាំគ្នាធ្វើបាតុកម្មបែបនេះ ។
សូមបញ្ជាក់ថា រហូតមកដល់រៀលនេះ កម្មករ កម្មការិនីបានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយមិនបានចូលធ្វើការនោះទេ រង់ចាំថ្ងៃស្អែកដោះស្រាយបន្តទៀត ខណៈការធ្វើកូដកម្មនេះ មិនមានការប្រើហិង្សាអ្វីនោះទេ ៕ យឹម សុថាន