ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់បានបញ្ចប់ជីវិតដោយដាក់ថ្នាំសម្លាប់កណ្តៀរចូលក្នុងស្រាបៀរកម្ពុជាផឹកអស់៤កំប៉ុង ព្រោះតែខឹងនឹងម្តាយញៀនស្រាយ៉ាងខ្លាំងហើយខ្លួនហាមម្តាយឲ្យឈប់ផឹកស្រា តែម្តាយមិនស្តាប់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃព្រហស្បតិ៍១២ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅភូមិឃ្លៀច ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
មន្រី្តនគរបាលព្រហ្មទណ្ឌស្រុកមេមត់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុក មុច ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុក មេមត់បានឲ្យដឹងថា មុនពេលកើតហេតុ ព្រោះតែខឹងម្តាយបង្កើតផឹកស្រាជាប្រចាំស្រវឹងព្រឹកល្ងាចខ្មាសគេពេញភូមិ ហើយ ជនរងគ្រោះជាកូនហាមមិនស្តាប់ ធ្វើឲ្យជនរងគ្រោះតូចចិត្តពេកបានទិញស្រាបៀរកម្ពុជា ចំនួន៤កំប៉ុង ក្នុងនោះយកមួយកំប៉ុងទៅលាយថ្នាំសម្លាប់កណ្តៀររួចផឹកអស់ទាំង៤កំប៉ុងរួចសម្ងំដេកក្នុងផ្ទះតែម្នាក់ឯង ។ បានប្រមាណជាងកន្លះម៉ោងក្រោយមក ស្រាប់តែម្តាយចូលដល់ក្នុងផ្ទះឃើញកូន(ជនរងគ្រោះ)កំពុងដេកបែកពពុះមាត់ស្គុលនិងមានពពុះចេញតាមរន្ធច្រមុះ ក៏ផ្អើលឆោឡោនាំគ្នាដឹកទៅកាន់មន្ទីរពេទ្យ តែហួសពេលទៅហើយ ព្រោះជនរងគ្រោះ បានបាត់បង់ជីវិតទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយផឹកថ្នាំពុលជាមួយស្រាបៀរប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា