ព័ត៌មានទាន់ហេតុការណ៍៖

មានផ្ទះបណ្តែតទឹកមួយចំនួនត្រូវបានគេមើលឃើញថា បានត្រឡប់ទៅកាន់កន្លែងចាស់វិញ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ តាមប្រភពពីប្រជាពលរដ្ឋនៅស្រុកបរិបូរណ៍បានឲ្យដឹងថា ការធ្វើបម្លាស់ទីផ្ទះបណ្តែតទឹក នៅក្នុងឃុំឆ្នុកទ្រូមិនបានប្រព្រឹត្តិទៅតាមការកំណត់របស់អាជ្ញាធរខេត្តឡើយ ។

ប្រភពបានឲ្យដឹងថា ផ្ទះបណ្តែតទឹកមួយចំនួនមិនបានធ្វើបម្លាស់ទីទេដោយមានសមត្ថកិច្ចមួយចំនួនកាង និងមួយចំនួនទៀតឡើងមកហើយត្រឡប់ទៅកាន់កន្លែងចាស់វិញ ដោយសារត្រូវដងត្រូវផ្លែគ្នាជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅទីនោះ ។

ប្រភពបានឲ្យដឹងបន្តទៀតថា ចំពោះផ្ទះដែលគេសង់រកេតរកូតនៅនៅខាងលើនោះ មួយចំនួនគ្មានមនុស្សនៅទេគឺគេសង់ដើម្បីចាប់យកដីតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា អ្នកដែលរស់នៅលើផ្ទះ​បណ្តែត​ទឹក​ក្នុងស្រុកបរិបូរណ៍ សរុបមាន​ចំនួន១៨៤៨គ្រួសារ ក្នុងនោះខ្មែរមានចំនួន១៤០៤គ្រួសារ​ វៀតណាមចំនួន៣៧២គ្រួសារ និង ខ្មែរឥស្លាមចំនួន៧២គ្រួសារ ។

ពាក់ព័ន្ធ នឹងករណីនេះ អភិបាលស្រុកបរិបូរណ៍ លោកឃួន សៅរុំ នៅថ្ងៃទី១៩ មករានេះ មិនអាចទាក់ទងសុំការបំភ្លឺបាននោះទេ ។

មជ្ឈដ្ឋាននានាក្នុងខេត្តកំពង់រង់ចាំមើលថា តើផែនការបម្លាស់ទីរបស់ផ្ទះបណ្តែតទឹករបស់អាជ្ញាធរខេត្ត នឹងទទួលបានជោគជ័យបែបណា ។ ព្រោះអ្នកដែលបម្លាស់ទីមកមានចំនួនតិចតួចបំផុត ហើយអ្នកដែលបានមកហើយ ក៍ត្រឡប់ទៅកន្លែងចាស់វិញ ដោយមានភ្លើងភ្លើងខៀវពីមន្រ្តី និងសមត្ថកិច្ច ៕ ចន្ថា


ចែករំលែក៖