ខេត្តស្វាយរៀង៖ រថយន្តកុងតឺន័រមួយគ្រឿង ខណៈកំពុងបើកបរលើផ្លូវជាតិលេខ១ ស្រាប់តែរបូតធ្លាក់ដែកបំពង់ទីបមួយដុំធំ ពីលើរថយន្តបណ្ដាលឲ្យត្រូវចំអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់បាក់កដៃខាងឆ្វេងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកភូមិនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នៅ វេលាម៉ោង៧ និង៥០នាទីព្រឹក លើផ្លូវជាតិលេខ១ ត្រង់ចំនុចចន្លោះគីឡូម៉ែត្រលេខ១៥៧ និង១៥៨ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាបុរស ដែលរងរបួសមានឈ្មោះយ៉ា សុជាតិ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបររថយន្តដឹកដី មានទីលំនៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដា ស៊ីទី ពណ៌ក្រហមអត់ពាក់ស្លាកលេខខូចខាតយ៉ាងដំណំ ។
ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ បន្ទាប់ពីឃើញសភាពការណ៍មិនស្រួល ក៏បានរត់គេចខ្លួនភ្លាមៗ បន្សសល់តែរថយន្តកុងទីន័រ០១គ្រឿង ម៉ាក FUSO ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-4491 និងកន្ទយរឺម៉កពាក់ស្លាកលេខព្រះសីហនុ4A-1396នៅ នឹងកន្លែង ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តកុងតឺន័រ មួយគ្រឿង ម៉ាក FUSOពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-4491 និងកន្ទយរឺម៉កពាក់ស្លាកលេខព្រះសីហនុ4A-1396បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត លើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់ចំណុចខាងលើ ក៏បានរបូតដែកបំពង់ទីប១ដុំពីលើរថយន្ត បណ្ដាលឲ្យប៉ះនឹងម៉ូតូ១គ្រឿងម៉ាកទៀត ដែលជិះមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ត្រូវដែកបុកចំកដៃខាងឆ្វេងរងរបួសធ្ងន់តែម្ដង ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុ ដោយសារតែ អ្នកបើកបររថយន្កកុងតឺន័រផ្ទុកទំនិញខ្វះការប្រុងប្រយត្ន័ ។
បច្ចុប្បន្នអ្នករងរបួសធ្ងន់ត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត ។
រីឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាង សំណុំរឿទៅតាមច្បាប់ ៕ យឹម សុថាន