ភ្នំពេញ៖ ស្ត្រីម្នាក់ បានទិញរថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីត ស៊េរី០៨ ដោយបង់រំលស់ពីក្រុមហ៊ុនមេត្រីជប៉ុន ខណៈទើបបង់បានជិត១ឆ្នាំ ស្រាប់តែលួចយករថយន្តទៅដាក់បញ្ចាំស្ងាត់ៗ នៅហាងបញ្ចាំយីហោ «ឆ័រ ប៉ោទ្រី» ក៏ត្រូវក្រុមហ៊ុនដឹងរឿង តាមរកឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៤៥នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ស្ត្រីខាងលើ ឈ្មោះ កើត ភិរម្យ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ45B ផ្លូវលេខ២១៥ ក្រុមទី១០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
តាមប្រភពភាគីតំណាងក្រុមហ៊ុន មេត្រីជប៉ុន បានឲ្យដឹងថា កាលពីថ្ងៃទី០៣ មករា ឆ្នាំ២០១៨ ស្ត្រីរូបនេះ បានទិញបោះរំលស់រថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីត ស៊េរី០៨ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-7189 ពីក្រុមហ៊ុន ក្នុងតម្លៃ២៧០០០ដុល្លារ ។
ដោយស្ត្រីខាងលើ បានបង់ប្រាក់រំលស់ដំបូងចំនួន៨០០០ដុល្លារ ដែលជាប្រាក់កក់ឲ្យមកក្រុមហ៊ុន និងធ្វើការបង់រំលស់សងជារៀងរាល់ខែ ក្នុងរយ:ពេល៣ឆ្នាំ សម្រាប់ប្រាក់ដែលនៅសេសសល់ ។
ជាធម្មតារាល់ខែកន្លងមកស្ត្រីខាងលើ តែងតែបានបង់ប្រាក់រំលោះ តាមការកំណត់របស់ក្រុមហ៊ុន។ ប៉ុន្តែនៅប្រមាណ១ខែមកនេះ ស្ត្រីខាងលើ មិនបានបង់ប្រាក់សង តាមការកំណត់ទ្បើយ។
ពាក់ព័ន្ធនឹងករណីនេះ ខាងក្រុមហ៊ុន បានព្យាយាមទំនាក់ទំនងសួរនាំស្ត្រីខាងលើជាហូរហែល និងបានធ្វើការណាត់ជួបផ្ទាល់ ទើបដឹងរឿងស្ត្រីខាងលើ បានយករថយន្តទៅបញ្ចាំ នៅក្នុងហាងបញ្ចាំយីហោ ឆ័រ ប៉ោទ្រី ដែលបានដាក់បញ្ចាំ ក្នុងតម្លៃ៨០០០ដុល្លារ ដោយគ្មានលិខិតស្នាមត្រឹមត្រូវនោះទេ។
ក្រោយទទួលដំណឹងនេះភ្លាម នៅវេលាកើតហេតុខាងលើ ភាគីខាងក្រុមហ៊ុន បាននាំស្ត្រីខាងលើ មកហាងបញ្ចាំយីហោ ឆ័រ ប៉ោទ្រី ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលទៅដល់ឃើញរថយន្តខាងលើ នៅក្នុងហាងបញ្ចាំនោះផងដែរ តែបែរជាមិនឃើញស្លាកលេខរថយន្តជាប់ជាមួយនិងរថយន្តទេ។ ទើបភាគីខាងក្រុមហ៊ុន បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកជួយអន្តរាគមន៍តែម្តង ៕ស តារា