ភ្នំពេញ៖ អគ្គិភ័យឆាបឆេះ២ករណីផ្សេងគ្នានៅក្នុងទឹកដីខណ្ឌសែនសុខ នាយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩ ធ្វើឲ្យខូចខាតសម្ភារ និងទ្រព្យសម្បត្តិមួយចំនួនធំ ។
ករណី ទី១នឆាបឆេះរោងស្នាក់នៅសង្ក័សីរបស់កម្មករជនជាតិចិនមួយខ្នង ដែលនៅខាងក្នុងការដ្ឋាន សាងសង់អាគារខុនដូSTAR CITY ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យ កាលពីម៉ោង៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ត្រង់ចំណុចក្បែរខាងលិចគល់ស្ពានអាកាសផ្សារដើមហុយ ស្ថិតក្នុងក្រុមទី១ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីកម្មករសំណង់ដែលធ្វើការថែមម៉ោងនៅក្នុងការដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានលឺសំឡេងផ្ទុះ ចេញមកពីក្នុងបន្ទប់មួយ ដែលនៅក្នុងរោងកើតហេតុគ្មានកម្មករស្នាក់នៅទេ ។ មួយស្ទុះក្រោយមកក៏ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់ និងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញមកពីបន្ទប់នោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករដែលកំពុងធ្វើការ និងកំពុងសម្រាកនៅក្នុងការដ្ឋាន នាំគ្នាចូលទៅជញ្ជូនសម្ភារ:មួយចំនួនដែលនៅក្នុង បន្ទប់ជាប់នោះយកចេញមកខាងក្រៅ ។
ភ្លាមនោះក៏មានកម្មករផ្សេងទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ អស់ជាច្រើនបំពង់ ប៉ុន្តែដោយមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយធ្វើការអន្តរាគមន៍ ហើយភ្លើងបានឆាបឆេះរាលដាលដល់បន្ទប់ផ្សេងទៀតយ៉ាងសន្ធោរសន្ធៅ ភ្លាមនោះរថយន្តពន្លត់អគ្គិភ័យបានចុះមកអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ ។
រហូតដល់ម៉ោង៩យប់ ថ្ងៃដដែល ស្ថានភាពភ្លើងត្រូវបានគ្រប់គ្រងបាញ់ទាំងស្រុងជា ដោយប្រើប្រាស់ទឹកអស់ចំនួន១៥គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៧គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វារចំនួន៥គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ហើយជំហានដំបូងសមត្ថកិច្ចបានសណ្ឋានថាគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី កើតជាអណ្តាតភ្លើង ។
ករណីទី២ ឆាបឆេះផ្ទះវិឡាមួយកន្លែងក្នុងបុរីពិភពថ្មី ភូមិប៉ាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលករណីនេះដែរគឺ ម្ចាស់ផ្ទះបានចេញទៅក្រៅ និងចាក់សោទុកចោលរួចក៏កើតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ដែលធ្វើឲ្យខូចខាតសម្ភារក្នុងផ្ទះទាំងស្រុង ។
ករណីទី២ នៅម៉ោងជិត១១យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ដដែល មានអគ្គិភ័យបានឆាបឆេះផ្ទះវីឡា មួយកន្លែង ក្នុងបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនួនធំ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងទើបគ្រប់គ្រងស្ថានការបាន ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គិភ័យចំនួន២ទីតាំងខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារក្នុងផ្ទះរងគ្រោះតែប៉ុណ្ណោះ ។ សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នផង ព្រោះរដូវក្ដៅបានចូលដល់ហើយដែលធ្វើឲ្យងាយ នឹងឆាបឆេះ ជាពិសេសគឺថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះតែម្ដង ៕ ជ្រោយពេជ្រ