ខេត្តកំពង់ធំ៖ បុរសម្នាក់ចងកសម្លាប់ខ្លួនដោយខឹងនឹងប្រពន្ធស្ដីបន្ទោស ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុច ព្រៃអ្នកតាអារក្សជ័យ ភូមិថ្មីឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា រី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិថ្មីឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះផន រីន ភេទស្រី អាយុ៤៩ឆ្នាំត្រូវជាប្រពន្ធ បានរៀបរាប់ថាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ខ្លួនបានស្ដីបន្ទោសប្ដីថា ជិះម៉ូតូរបស់គេទៅហូបការឲ្យដួល ខូចកំពុងតែគ្មានលុយផង បានលុយឯណាធ្វើម៉ូតូសងគេ ។ ក្រោយស្ដីបន្ទោសឈ្មោះ ជា រី ជាប្តីបានសុំកាតគ្រីម៉ូតូពីប្រពន្ធយកទៅបញ្ចាំដើម្បីធ្វើម៉ូតូសងគេ តាំងពីថ្ងៃនោះបាត់ប្ដីបាន ១ថ្ងៃខ្លួន ក៏ដើររកម្នាក់ឯង តាមព្រៃរបោះក្បែរភូមិ តែមិនឃើញលុះដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ខ្លួនបានដើររកតាមព្រៃរបោះខាងជើងភូមិចម្ងាយប្រមាណ៤០០ម៉ែត្រ ចំណុចព្រៃអ្នកតាអារក្សជ័យ ក៏បានជួបនឹងឈ្មោះកែវ នី ភេទស្រីអាយុ៥០ឆ្នាំ និងឈ្មោះបែន ងិន ភេទស្រី អាយុ៥៣ ឆ្នាំជាអ្នកភូមិជាមួយគ្នា ពួកគាត់កំពុងតែដើររកក្របី ក៏បានប្រទះឃើញសាកសព ហើយក៏បានប្រាប់ខ្លួន ឲ្យមើលទាំងអស់គ្នាពេលនោះ ឃើញសាកសពជាប្តីរបស់ខ្លួន បានចងក នៅលើដើមពពេលសំយ៉ុងជើងផុតដីប្រមាណជាកន្លះម៉ែត្រ ក៏នាំគ្នាស្រាយយកសាកសពដាក់ផ្ទាល់នឹងដី ហើយក៏បាននាំគ្នាសែងមកភូមិវិញ អ្នកភូមិបានដឹង នាំគ្នាផ្អើលឆោឡោទៅមើល។
ក្រោយមកបានដឹងព័ត៌មានដល់មន្រ្ដីជំនាញចុះមកពិនិត្យ ដោយសហការជាមួយប៉ុស្តិ៍រដ្ឋបាល និងរដ្ឋអំណាចភូមិ ឃុំ ដើម្បីពិនិត្យទីកន្លែងកើតហេតុ និងសាកសពឃើញនៅលើកមានស្នាមទ្រុត ពណ៌ក្រម៉ៅ ទុំហ៊ុ1ស,មព័ទ្ធផ្នែកខាងមុខ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើប សន្និដ្ឋានថាសាកសព ឈ្មោះជា រី ពិតជាបានធ្វើអត្តឃាតចងក ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។
ក្រោយពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី