ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ ម្នាក់ទៀត រងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ បុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរង របួសស្រាល និង ខូចខាតម៉ូតូ០២គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៤៥នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នៅ លើណាត់ផ្លូវជាតិលេខ264A ភូមិស្រះបន្ទាយ ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរ ម៉ូតូម៉ាកហុងដាគុប ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ1CE.2784 អ្នកបើកបរឈ្មោះ នង.ពៅ ភេទប្រុសអាយុ៦៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ខេត្តកំពង់ចាម មិនពាក់មួកសុវត្ថិភាព ។

ចំណែក ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1G.5256 អ្នកបើកបរឈ្មោះ កយ.សុធា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសស្រាល មិនពាក់មួកសុវត្ថិភាព នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។

មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដាគុប បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូហុងដាឌ្រីមមានល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូល វត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយគ្នាតាមក្រោយ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖