ភ្នំពេញ៖ តារាសម្តែងកូនកាន់ឥណ្ឌា លោក លី ឧត្តម ចាប់ផ្តើមលេចមុខមាត់ខ្លាំងទាំងការងារសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន ។ ចូលដល់ដើមឆ្នាំ២០១៩នេះ ភ្លាមតារាប្រុសរូបនេះទទួលបានគម្រោង ការងារសិល្បៈថ្មីមួយ និងមួយទៀតទទួលបានការស្រឡាញ់រាប់អានជាច្រើនលើសលប់របស់អ្នកគាំទ្រ ដែលលោកមិនធ្លាប់នឹកស្មានដល់ ។
ផ្តើមចេញពីការថតរូបបែបសិល្បៈ លី ឧត្តម ទទួលបានសារសរសើរច្រើនពីអ្នកគាំទ្ររហូតលោកអាចឈោងចាប់បានឱកាសសម្តែង ជាតារាកិត្តិយសក្នុងកម្មវិធីទូរទស្សន៍ និងថតរូបបែបសិល្បៈផ្សព្វផ្សាយផលិតផលជាដើម ។ ដើមឆ្នាំ២០១៩ភ្លាមតារារូបទទួលបានកាដូពីរព្រមគ្នាគឺការទទួលបានឱកាសក្លាយជាតារាតំណាងផលិតផលថែរក្សាសម្រស់មួយដែលមានចុះកិច្ចសន្យារយៈពេលមួយឆ្នាំ ។
លោកថា នៅថ្ងៃទី២៤ ខែមករានេះ លោកនឹងចេញដំណើរទៅកាន់ទឹកដីនៃខេត្តសៀមរាបប្រយោជន៍ថតរូបឈុតផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលមួយនេះផងដែរ ។ ទោះជាយ៉ាងណាលោកស្នើមិនបញ្ជាក់អំពីតម្លៃការទទួលជាតារាតំណាងផលិតផលមួយនេះថាមានទំហំប៉ុណ្ណានោះទេ ប៉ុន្តែលោកបញ្ជាក់ថាវាមានចំនួនសមស្មមសម្រាប់កម្រិកការងារបច្ចុប្បន្ន ។
ទោះជាយ៉ាងណាអ្វីដែលលោកយល់ថាគឺជាកាដូធំមួយសម្រាប់លោកផងដែរនោះគឺអ្នកគាំទ្រតាមបណ្តាញសង្គមថ្មីចាស់ជាច្រើន បានបង្ហាញក្តីស្រឡាញ់ចូលចិត្តលោក ។
តារាសម្តីផ្អែមរូបនេះលើកឡើងដែរថាពីមុនលោកមិននឹកនាទេថាចំនួនអ្នកគាំទ្រនៅលើបណ្តាញសង្គមហ្វេសប៊ុកអាចឡើងច្រើនដល់កម្រិតដូចបច្ចុប្បន្ននោះទេ ព្រោះតែលោកគិតថាជាមនុស្សសាមញ្ញ ប៉ុន្តែលោកចូលចិត្តការរាប់អាន រួសរាយរាក់ទាក់ច្រើន រហូតដល់អ្នកគាំទ្រខ្លះហៅលោកថា ប៉ាប៉ា ពេញៗមាត់ ។
តបតាមការស្រឡាញ់ចូលចិត្តនេះ លោកនឹងបន្តខិតខំប្រឹងប្រែងបំពេញការងារ សិល្បៈ និងចំណាយពេលកាន់តែច្រើនដើម្បីឆ្លើយតបសារនានារបស់អ្នកគាំទ្រផងដែរ ។
ក្រោយពីទទួលបានការងារសិល្បៈថ្មីសម្រាប់ដើមឆ្នាំនេះ លោកក៏រំពឹងដែរថា នឹងបន្តទទួលបានឱកាសការងារថ្មីៗបន្តទៀតនៅពេលខាងមុខ៕ វឌ្ឍនា