ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ ត្រូវមិត្តភក្តិស្រីបោកយកម៉ូតូគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ បានធ្វើសកម្មភាពឆបោកម៉ូតូមួយគ្រឿងម៉ាកZOOMERX ស៊េរី២០១៨ ពីយុវជនម្នាក់ដែលជាមិត្តភក្តិយកទៅបាត់ដោយសុវត្ថិភាព រហូតជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ទឹកល្អក់៣ ដើម្បីជួយធ្វើអន្តរាគមន៍ កាលវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែងបន្ទប់០០៣ ត្រង់ចំណុចជិតផ្សារហេងលី ក្នុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ផន សុភ័ត្ត្រា ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្សសាលាថ្នាក់ទី១១ ស្នាក់នៅភូមិសាមគ្គី២ ផ្លូវលេខ១១៣ ផ្ទះលេខM៤១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូដែលគេឆបោកទៅនោះ ម៉ាកZOOMERX ស៊េរី២០១៨ ពណ៌ខ្មៅ លាយក្រហម ពាក់ ស្លាកលេខភ្នំពេញ1GT-1362 ជាកម្មសិទ្ធិរបស់បងស្រីយុវជនរងគ្រោះ មានឈ្មោះផន ចាន់ធូ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ខោអាវ ​ ។ រីឯនារីដែលជាប់សង្ស័យ ក្នុងករណីឆបោកខាងលើនេះ មានឈ្មោះ រស្មី ស្នាក់នៅម្តុំជុំពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ (គេចខ្លួនបាត់) ។

តាមប្រភពពីបងស្រីយុវជនរងគ្រោះ បានប្រាប់ឲ្យថា ប្អូនប្រុសគាត់ បានស្គាល់បុរសម្នាក់ នៅកន្លែងលេងហ្គេមណេត ក្បែរចំណុចផ្ទះជួលកើតហេតុ ទើបប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយពួកគេបានទាក់ទងគ្នារាប់អានដូចមិត្តភក្តិ ដោយនៅថ្ងៃកើតហេតុ បុរសដែលប្អូនប្រុសគាត់ទើបស្គាល់នោះ បាននាំប្អូនប្រុសគាត់ទៅបន្ទប់ផ្ទះជួលទីតាំងកើតហេតុ។ ខណនោះនារីសង្ស័យ (ជនឆបោក) ក៏នៅទីនោះដែរ ហើយបាននិយាយខ្ចីម៉ូតូប្អូនគាត់ ជិះទៅញុំបាយមួយភ្លែត ។

តែប្អូនគាត់ ក៏មិនបានយល់ព្រមនោះទេ តែដោយសារបុរសទើបស្គាល់ បានធានាអះអាងថាមិនអីទេ ទើបឲ្យនារីសង្ស័យខ្ចីជិះចេញទៅបាត់រហូតតែម្ដង ។

ក្រោយកើតហេតុ ជនរងគ្រោះនិងបងស្រីក៏ទៅសួរនាំបុរសដែលត្រូវជាមិត្តភក្តិប្អូននោះ ស្រាប់តែគេចខ្លួនអស់ រួចក៏នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឲ្យសមត្ថកិច្ចសួរនាំ ស្វែងរកនារីឆបោកខាងលើនោះ យកមកដាក់ទោសតាមច្បាប់ ៕ស តារា


ចែករំលែក៖