ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលធ្វើដំណើរតាមដងផ្លូវក្នុងទីរួមស្រុកកំពង់រោទិ៍ ខណៈដែលមានផ្សែងហុយទ្រលោមឆាបឆេះបន្ទប់ឡាវតឿផ្ទះថ្មមួយខ្នង ទំហំ៤ម៉ែត្រ កម្ពស់២ជាន់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងសំណាងពន្លត់ទាន់មិនរាលដាលដល់ផ្ទះក្បែគ្នានិងមិនរងគ្រោះថ្នាក់ដល់មនុស្ស។
តាមសមត្ថកិច្ច្នគរបាលស្រុកបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិសភ័យឆាបឆេះទាំងព្រឹកនោះ ធ្វើអំពីថ្ម កម្ពស់២ជាន់ មានម្ចាស់ឈ្មោះ ឆោម ក្រឹត ភេទប្រុស អាយុជាង៥០ឆ្នាំ មុខរបរ ជាមន្ត្រីបម្រើការងារ នៅសាលាស្រុកកំពង់រោទិ៍។
ប្រភពខាងលើ បានឲ្យដឹងទៀតថា ផ្ទះកើតហេតុមានដាក់លក់ទំនិញគ្រឿងកំប៉ុង គ្រឿងទេស កាហ្វេ និងហ្វូតូកូពីហើយនៅមុនពេលកើតហេតុ មានភ្ញៀវដែលបានមកហូបកាហ្វេទទួលអារម្មណ៍ថា មានក្លិនឆ្ងៀមចម្លែកហើយក៏នាំគ្នាដើររកប្រភព នៃក្លិនរហូតបានប្រទះនៅក្នុងបន្ទប់ឡាវតឿមានភ្លើងកំពុងឆាបឆេះ ព្រមទាំងមានផ្សែងខ្មួលខ្មាញ់ក៏នាំគ្នាទូរស័ព្ទ ហៅរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ដើម្បីចេញអន្តរាគមន៍ពន្លត់ភ្លើង ដែលកំពុងឆេះផ្អើលអស់ អ្នកទីរួមស្រុកកំពង់រោទិ៍ទាំងព្រឹកតែម្តង។
សមត្ថកិច្ចដដែល បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមរថយន្តពន្លត់អគិ្គសភ័យ ក៏បានធ្វើការទំនាក់ទំនងគ្នា រហូតមានរថយន្តពន្លត់អគិ្គសភ័យ ចំនួន៤គ្រឿង បានមកជួយពន្លត់គ្នា រហូតដល់ម៉ោង១០ព្រឹក ថ្ងៃដដែលអគ្គិសភ័យក៏បានរលត់ទាំងស្រុង ប៉ុន្តែនៅពុំទាន់ដឹងថាអគ្គិសភ័យខាងលើ បង្កឲ្យមានការខូចខាតអស់ទ្រព្យសម្បត្តិប៉ុន្មាននៅឡើយទេ។
មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិសភ័យនេះ សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនីឌុយខ្សែសាកថ្មបញ្ចូលទូរស័ព្ទសាកទុកចោល ទើបបណ្តាលឲ្យឆេះបន្ទប់ឡាវតឿបែបនេះ ៕ យឹម សុថាន