ខេត្តកណ្ដាល៖ លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះទៅប្រគល់ផ្ទះចំនួន២ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោក យឺន ធី ជាយោធិនពិការ និងលោក អ៊ុន ប៊ុនធីម ជានិវត្តន៍ជន នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា ដោយការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចតែងយកចិត្តទុកដាក់ ដល់បងប្អូនអតីតយុទ្ធជនយើង ដូចជាការផ្តល់ប័ណ្ណបេឡាសន្តិសុខសង្គមសម្រាប់ការព្យាបាលជំងឺ ដោយមិនបង់ប្រាក់នៅតាមមន្ទឺរពេទ្យ, ការតម្លើងប្រាក់ខែជូន និងជាក់ស្ដែងកាលពីខែមុន សម្តេចបានឲ្យលោក ចុះមកមើលការសាងសង់ផ្ទះទាំងពីរនេះ។
ដោយឡែកថ្ងៃនេះ ទេសរដ្ឋមន្ដ្រី មកម្តងទៀតដើម្បីប្រគល់ផ្ទះទាំងពីរនេះ ជូនបងប្អូនអតីតយុទ្ធជន ក្រោយពីបានសាងសង់រួច។ បន្ថែមពីនេះ លោក គន់ គីម ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ សមាគមស្រុក ខេត្ត ត្រូវបន្តខិតខំស្រាវជ្រាវរកសមាជិកដែលមានជីវភាពលំបាក អត់ផ្ទះ ឬផ្ទះមិនសមរម្យដើម្បី ដោះស្រាយជូនពួកគាត់បន្តទៀត។
ជាមួយគ្នានេះ លោក យិន ធី និងលោក អ៊ុន ប៊ុនធីម ព្រមទាំងគ្រួសារ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងជីវភាពរស់នៅទាំងសុខភាព ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ និងសូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារក្នុងឆ្នាំថ្មីខាងមុខនេះ សូមឲ្យបានសុខសប្បាយ សិរីសួស្តីជ័យមង្គលវិបុលសុខ និងបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត៕