ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស និងក្រុមចោរ បាញ់ប្រហារគ្នា ស្លាប់ និងរបួស​១០នាក់នៅប្រេស៊ីល

ចែករំលែក៖

អំពើហិង្សា នៅក្នុងប្រទេសប្រេស៊ីល តែងតែកើតឡើងជាញឹកញាប់ បង្កឡើងដោយក្រុមជ្រុលនិយម ធ្វើឲ្យអសន្តិសុខ សង្គម ការលួចប្លន់បំផ្លាញទ្រព្យសម្បត្តិសាធារណៈជាច្រើន ។

នៅថ្ងៃទី​២៤ ខែមករា ប៉ូលិសប្រេស៊ីលមួយក្រុមបានបាញ់ប្រហារគ្នាយ៉ាងសហាវជាមួយក្រុមចោរប្លន់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស​១០នាក់ ។ មន្ត្រីសន្តិសុខប្រេស៊ីល​បានប្រកាសឲ្យដឹងថា​ មានមនុស្ស ៦នាក់ស្លាប់ និង​៤នាក់រងរបួសនៅក្នុងការបាញ់ប្រហារគ្នារវាងកម្លាំងប៉ូលិស និងក្រុមចោរប្លន់នៅក្នុងរដ្ឋ​ Ceara ​ភាគឦសាន្តប្រទេសប្រេស៊ីល ។

រដ្ឋ​ Ceara ជាតំបន់ដែលតែងតែមានអំពើហិង្សាកើតឡើង​ ដោយក្រុមជ្រុលនិយមតែងតែវាយប្រហារបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។ កាលពីដើមខែកន្លងមក ទីស្នាក់ការប៉ូលិស និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានដុតបំផ្លាញ ។

កម្លាំងប៉ូលិសប្រេស៊ីលបានប្រកាសឲ្យដឹងថា ការវាយប្រហារខាងលើកើតឡើងនៅទីក្រុង​ Palmacia ​ ។ នៅពេលនោះកម្លាំងប៉ូលិសយាមល្បាត​ បានប៉ះទង្គិចជាមួយក្រុមសង្ស័យ ប្លន់នៅតាមផ្លូវ ។ ប៉ូលិស និងក្រុមចោរ​បានប៉ះទង្គិចគ្នា សម្លាប់មនុស្ស ៦នាក់ និង ៤នាក់រងរបួស ក្នុងនោះមានប៉ូលិស​២នាក់ផងដែរ ។

សកម្មភាពខាងលើកកើតឡើង​ក្នុងពេលដែល អំពើហិង្សាបានកើនឡើងនៅក្នុងរដ្ឋ​ Ceara ​បង្ខំឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី​ Jair Bolsonaro ​ត្រូវបញ្ជូនកម្លាំងសន្តិសុខ​ជាតិ​៥០០នាក់ ទៅការពារសន្តិសុខជូនពលរដ្ឋនៅតំបន់នោះ ។

តាមតួលេខបង្ហាញឲ្យឃើញថា មកទលពេលនេះមានមនុស្ស ៤០៤នាក់​ត្រូវបានចាប់ខ្លួនពាក់ព័ន្ធអំពើហិង្សា ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅក្នុងរដ្ឋ​ Ceara ៕


ចែករំលែក៖